ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម បានអញ្ជើញចុះមកពិនិត្យនិងវាតម្លៃលើផលប៉ះពាល់ដំណាំស្រូវ ដែលបណ្ដាលមកពីគ្រោះទឹកជំនន់ នៅតាមបណ្ដាលខេត្តមួយចំនួន

ស្ថិតក្នុងស្ថានភាពនៃគ្រោះទឹកជំនន់ដែលធ្វើឲ្យប៉ះពាល់ដល់ផលដំណាំ និងសត្វពាហន:របស់ប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួន ក្នុងនាមក្រសួងទទួលខុសត្រូវលើសន្តិសុខស្បៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយសហការី និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចុះមកពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់ដំណាំស្រូវ ដែលបណ្តាលមកពីគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ចុះពិនិត្យឃើញទិដ្ឋភាពនៃគ្រោះមហន្តរាយលើដំណាំស្រូវ នៅភូមិពោធិវង្ស ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ឯកឧត្តមរដ្ឋមន្ត្រី ចំពោះមុខបានបញ្ជាឲ្យឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបញ្ចេញស្រូវពូជចំនួន ២៩តោន ជាបន្ទាន់យកមកដោះស្រាយបឋមជូនប្រជាកសិករ។ អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអាជ្ញាធរមូលដ្ឋានត្រូវចុះមកតាមដានស្ថានភាពគ្រោះទឹកជំនន់នេះឲ្យ បានជាប់ជាប្រចាំ រួចវាយតម្លៃផលប៉ះពាល់ជារួមទូទាំងតំបន់ដែលទទួលរងគ្រោះនេះ បន្ទាប់មកត្រូវដាក់សំណើស្រូវពូជជូនមកក្រសួងដើម្បីធ្វើការពិនិត្យដោះស្រាយតាមការចាំបាច់។ តាមការប៉ាន់ប្រមាណបឋមរបស់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ថាខេត្តពោធិសាត់អាចត្រូវការស្រូវពូជប្រហែល ៦០០តោន។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង ២៤ រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំលេខ ៤០២ សណន. កសក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្តីអំពី “ការចូលរួមសហការគ្រប់គ្រងគ្រោះមហន្តរាយ និងកិច្ចអន្តរាគមន៍ស្តារការខូចខាតឡើងវិញនៃផលិតកម្មកសិកម្ម” ។

យោងលើរបាយការណ៍របស់មន្ទីរបានបង្ហាញថា បច្ចុប្បន្នខេត្តពោធិសាត់កំពុងទទួលរងនូវគ្រោះមហន្តរាយទឹកជំនន់បានធ្វើឲ្យប៉ះពាល់ផលដំណាំ និងសត្វពាហន:របស់ប្រជាកសិករ ក្នុងស្រុក/ក្រុងចំនួន ៦ គឺស្រុកកណ្តៀង វាលវែង ភ្នំក្រវាញ បាកាន តាលោមានជ័យ និងក្រុងពោធិសាត់។ ផ្ទៃដីដំណាំស្រូវអនុវត្តបាន ១៤៥ ៣៤២ហ.ត ក្នុងនោះផ្ទៃដីចំនួន ២៦ ៩៥០ហ.ត ត្រូវបានទទួលរងនូវផលប៉ះពាល់ ហើយផ្ទៃដីចំនួន ៦ ១៤៣ហ.ត ត្រូវបានខូចខាតទាំងស្រុង។ ដោយឡែកដំណាំរួមផ្សំ ឈើហូបផ្លែ និងដំណាំកសិ-ឧស្សាហកម្ម មានផ្ទៃដីប៉ះពាល់ចំនួន ១០ ០៨២ហ.ត និងផ្ទៃដីខូចខាតទាំងស្រុងមាន ចំនួន ២ ៤៩៤ហ.ត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។