ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bertrand Ambroise ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃផ្សារអន្តរជាតិ Rungis

(ភ្នំពេញ) ៖នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bertrand Ambroise ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃផ្សារអន្តរជាតិ Rungis នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍ទីផ្សារកសិផលកម្ពុជា និងបានស្នើឱ្យភាគីបារាំងបញ្ជូនអ្នកជំនាញពាណិជ្ជកម្មមកធ្វើការសិក្សាពីសក្តានុពលវិស័យកសិកម្មកម្ពុជានិងធ្វើការជាមួយគ្នា ដើម្បីនាំកសិផលកម្ពុជាចូលទៅកាន់ទីផ្សារបារាំងនិងការនាំទំនិញបារាំងមកកម្ពុជាវិញផងដែរ។ មួយវិញទៀត គឺការចងក្រងបណ្តុំ ការបង្កើតទីផ្សារកសិផលមួយដែលឆ្លើយតបនឹងតម្រូវការ និងស្តង់ដាទីផ្សារប្រទេសបារាំង ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញច្បាស់លាស់ តាមរយៈអាហារូបករណ៍និងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ជាដើម ហើយកម្ពុជាមានសាលាជាតិកសិកម្មចំនួន ៣សម្រាប់សហការលើការបណ្តុះធនធានមនុស្សនេះ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីឱ្យការងារទីផ្សារនេះទទួលបានជោគជ័យ ក្រុមការងារត្រូវស្វែងយល់ពីទស្សនវិស័យទីផ្សារឱ្យបានច្បាស់លាស់ មានយុទ្ធសាស្ត្រ ផែនការពាណិជ្ជកម្មជាក់លាក់ និងស្វែងយល់ពីខ្សែច្រវាក់តម្លៃតាំងពីអ្នកផលិតរហូតទីផ្សារ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។