ព័ត៌មានជាតិ

សហជីពបង្ហាញតម្រុយសុំដំឡើងប្រាក់ឈ្នួលអប្បបរមា ២១ដុល្លារបន្ថែមក្នុងមួយខែ!

(ភ្នំពេញ) ៖ តើកម្មករ-កម្មការិនីដែលកំពុងបម្រើ
ការងារនៅតាមបណ្ដារោងចក្រសហគ្រាសនានាទូទាំងព្រះរាជាណាចក្រកម្ពុជាចាប់អារម្មណ៍យ៉ាងណាចំពោះកិច្ចប្រជុំរវាងវិស័យឯកជននិងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ,ជាមួយសហជីពនិងស្ថាប័នផ្សេងទៀតពាក់ព័ន្ធនិងការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់ពួកគាត់នោះ។ តើកម្មករ-កម្មការិនីចង់បានប្រាក់ឈ្នួលគោលអប្បបរមាប៉ុន្មានក្នុងមួយខែ?

នៅគ្រាដែលក្រសួងការងារបានបើកកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀត កម្មករ-កម្មការិនីវិស័យកាត់ ដេរ បានសាទរទៅនឹងតួលេខប្រាក់ឈ្នួលដែលស្នើដំឡើង​ដោយភាគីសហជីព ២១ដុល្លារបន្ថែមក្នុងមួយខែសម្រាប់ប្រាក់ឈ្នួលអតិប្បរមាឆ្នាំ២០២៣ ដោយបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលនេះ នឹងឆ្លើយតបនិងការកើនឡើងនៃអតិផរណាតម្លៃមុខទំនិញ ចំណាយផ្សេងៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករ-កម្មការិនីរោងចក្រនោះផងដែរ។

កម្មករ-កម្មការិនីរោងចក្រកាត់ដេរ​សំលៀកបំពាក់ ខ្វាន់ទុម ខ្លូស៊ីង (ខេមបូឌា) ​លីមីធីត ស្ថិតនៅតាមផ្លូវវេងស្រេង សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែន រាជធានីភ្នំពេញលើកឡើងថា ការទាម​ទារចង់បានប្រាក់ ឈ្នួលកើនដល់ជាង​ ២០០ដុល្លារ ក្នុង១ខែ ដើម្បីទប់ទល់នឹងការ​ចំណាយប្រចាំថ្ងៃ និងទំនិញគ្រប់ប្រភេទឡើងថ្លៃដូចគ្នា ​ដែលធ្វើឲ្យការចាយវាយរបស់ពួកគាត់ត្រូវត្បិតត្បៀត។ ពួកគាត់ត្អូញត្អូរអំពីទំនិញផ្សេងៗឡើងថ្លៃនៅក្នុងបរិបទនៃជំងឺកូវីដ-១៩នេះ។

បងប្អូនកម្មករ-កម្មការិនីបានលើកឡើងស្រដៀងគ្នាទៀតថា ប្រាក់ឈ្នួលអប្បបរមា យ៉ាងហោច​ណាស់ក៏គួរកើន​លើស​ជាង ២០០ដុល្លារដែរ ដើម្បីឲ្យងាយស្រួល​ផ្គត់ផ្គង់​ក្នុងការចំណាយនានា និងគ្រាន់​សល់​ប្រាក់កាក់ខ្លះ​ ដើម្បីដោះបំណុល និងផ្ញើទៅ​សាច់ញាតិ​រស់នៅស្រុកកំណើត។ នៅស្រុកកំណើតនោះទៀតក៏ត្រូវដោះស្រាយបញ្ហាផ្សេងៗជាច្រើនដែលសព្វថ្ងៃនេះត្រូវពឹងផ្អែកទាំងស្រុងទៅលើកម្លាំងពលកម្មរបស់កម្មករ។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី២ ឆ្នាំទី២​ នៅរសៀលថ្ងៃទី២៤ សីហា ឆ្នាំ២០២២ គីសហជីពស្នើដំឡើងចំនួន ២១ដុល្លារ ។ ​លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ​សហជីព​ចលនា​កម្មករកម្ពុជា បានលើកឡើងថា ​ឆ្លងកាត់ការពិភាក្សា និងប្រជុំផ្ទៃរបស់ក្រុមសហជីព បាន​សម្រេចឯកភាពគ្នាទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតចំនួន ​២១៥ដុល្លារ ដោយយោងទៅកត្តាអតិផរណា កត្តាផលិតភាព និង​កត្តា​ប្រាក់ចំណេញថ្នាក់វិស័យក៏កើន​ឡើង​ដូចគ្នា ។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​​វិជ្ជាជីវៈ ​រៀបចំ​កិច្ចប្រជុំ​ត្រីភាគី​ចំនួន ​៦ ​ដង​ទៀត ដើម្បី​ពិភាក្សា​ទៅលើ​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​កាត់ដេរ ​ដោយបាន​កំណត់​យក​ថ្ងៃទី​ ២៣ ខែកញ្ញា ​ជា​ថ្ងៃ​កំណត់​ចុងក្រោយ ដែល​ត្រូវ​ប្រកាស​ប្រាក់​ឈ្នួល​គោល​ក្នុង​វិស័យ​កាត់ដេរ ​សម្រាប់​កម្មករ​នៅ​ឆ្នាំ​ ២០២៣​។​

ក្នុងឆ្នាំ២០២២នេះ កម្មករនិយោជិតដែលបំពេញការក្នុងវិស័យឧស្សាហកម្មកាត់ដេរមានចំនួន ​១៩៤ ដុល្លារអាម៉េរិក។ បូកទាំងប្រាក់ឈ្នួលអប្បបរមា ​ប្រាក់ថែមម៉ោងការងារ និងប្រាក់​ឧបត្ថម្ភផ្សេងៗ​ទៀត ​កម្មករនិយោជិតម្នាក់ ​អាចទទួលប្រាក់ខែចន្លោះ ​២៥០ ទៅ ៣០០ដុល្លារ ​នៅក្នុងមួយខែ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។