ព័ត៌មានជាតិ

សូមស្វាគមន៍ភ្ញៀវទេសចរកូរ៉េជាង៤០០នាក់ បានមកដល់ខេត្តសៀមរាប អញ្ជើញមកទស្សនានៅក្នុងខេត្តសៀមរាប

(សៀមរាប) ៖ កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរកូរ៉េចំនួន៤០៣នាក់ ដែលជាក្រុមទេសចរធំជាងគេដំបូង នៅក្នុងឆ្នាំ២០២៣នេះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប​ តាមរយៈជើងហោះចំនួន២គ្រឿង។​

តាមការបញ្ជាក់របសក្រុមហ៊ុនទេសចរណ៍ Tour Fresh ដែលមានដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា ក្រុមអ្នកទេសចរណ៍កូរ៉េ ដែលមកទស្សនានៅខេត្តសៀមរាប នាពេលនេះ មិនមែនក្រុមដំបូង ហើយក៏មិនមែនជាក្រុមចុងក្រោយនោះទេ។បើតាមគម្រោង សម្រាប់ជំហានដំបូងនេះភ្ញៀវទេសចរជនជាតិកូរ៉េអាចមានចំនួនប្រមាណ ១ ២០០នាក់ តែដោយសារការរៀបចំនៅពុំទាន់មានភាពរលូន ទើបធ្វើការរៀបចំជាជំហានៗ ៤០០នាក់។​ ក្រុមហ៊ុនដដែលបានបន្ថែមថា ក្រុមភ្ញៀវទេសចរនេះ មានលក្ខណៈចម្រុះ ដែលជាប្រភេទគ្រួសារ មិត្តភក្តិ ចាស់ ក្មេងជាដើម។​ ការអញ្ជេីញមកខេត្តសៀមរាបនេះ​ គឺពួកគាត់បានលឺពីភាពស្រស់ស្អាតនៃធម្មជាតិ ជាពិសេសប្រាសាទបុរាណ​របស់កម្ពុជា​ជាយូរមកហើយ សម្រាប់ដំណើរទេសចរណ៍នេះ ពួកនឹងមកទស្សនា និងស្នាក់នៅ​ក្នុងខេត្តសៀមរាប រយៈពេល ៤ថ្ងៃ។

តំណាងក្រុមហ៊ុន​បានបញ្ជាក់ថា​ ចំពោះការបដិសណ្ឋាកិច្ច ក្រុមហ៊ុន ក៏ដូចជាប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត ក៏បានសហការគ្នា​យ៉ាងល្អ តាមរយៈការស្វាគមន៍ ​តាមទំនៀមទម្លាប់របស់ខ្មែរយ៉ាងរួសរាយរាក់ទាក់ និងកកក់ក្ដៅសម្រាប់ការមកទស្សនានៅខេត្តសៀមរាបនាពេលនេះ។

តាមរបាយការណ៍របស់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ​សម្រាប់រយៈពេល ៧ថ្ងៃចុងក្រោយ គឺចាប់ពីថ្ងៃទី២៧ ​ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលានេះ ​ចំនួនអ្នកដំណើរមកពីបរទេសចូល​មកកាន់​ខេត្តសៀមរាប ក្នុងមួយថ្ងៃមានជាង ១,១០០នាក់ ​និងមានជើងហោះហើរមកពីបរទេសជាមធ្យម ១៣ជើង ក្នុងមួយថ្ងៃ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។