ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ នាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ចែកជូនប្រជាពលរដ្ឋចំនួន ៨៦គ្រួសារ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកបារាយណ៍!

(ខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋចំនួន ៨៦គ្រួសារ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង នឹងបន្តចុះចែកអំណោយតាមខ្នងផ្ទះបន្ថែមទៀតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។

ថ្លែងឱកាសនោះដែរឯកឧត្តម សុខ លូ បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចជាកាលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងជាពិសេសនៅពេលដែលបងប្អូនកំពុងតែជួបនូវគ្រោះធម្មជាតិនៅពេលនេះ។

ឯកឧត្តមបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរដែនដីភូមិឃុំស្រុកអំពីការរងគ្រោះដោយជំនន់ទឹកភ្លៀងដែលលង់លិចផ្ទះសម្បែង និងដំណាំកសិកម្មរបស់បងប្អូនភ្លាម ឯកឧត្តមបានចុះមកពិនិត្យស្ថានភាពទឹកដោយផ្ទាល់ ប្រសិនបើលង់លិចខ្លាំងនឹងជម្លៀសបងប្អូនទៅរកទីទួលសុវត្ថិភាព ដោយមិនទុកឱ្យបងប្អូនណាម្នាក់ស្លាប់ដោយការលិចលង់ អត់ស្បៀងអាហារ និងប៉ះពាល់ដល់អាយុជីវិតឡើយ។

ជាមួយគ្នានេះដែរឯកឧត្តម សុខ លូ ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តតាមដានជាប់ជានិច្ចចំពោះស្ថានភាពរស់នៅនិងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំង
បានណែនាំដល់ប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នខ្ពស់ ព្រោះនៅមានឥទ្ធិពលនៃព្យុះបន្តបោកបក់មកលើប្រទេសកម្ពុជា អាចនឹងមានទឹកជន់ឡើងបន្ថែមទៀត ជាពិសេសត្រូវមើលថែក្មេងៗ មនុស្សចាស់ និងជនងាយរងគ្រោះឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ក៏ដូចជាការការពារពីសត្វអសិរពិសខាំ ឬទិចជាដើម ប្រសិនបើមានទឹកជំនន់ត្រូវរត់រកទីទួលសុវត្ថិភាព និងត្រូវប្រញាប់រួសរាន់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិត និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ ពិការភាព និងជួយអប់រំណែនាំដល់កូនចៅឲ្យរស់ឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញអនាគតរបស់ក្រុមគ្រួសារ និងសង្គមជាតិ។

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋនៅពេលនេះរួមមាន: អង្ករ មី ត្រីខ តង់ ទឹកត្រី ទឹកស៊ីអ៉ីវ និងទឹកសុទ្ធ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។