ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

(ភ្នំពេញ) ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងនាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូបទៀត ចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជម្ងឺធ្ងន់ ត្រូវបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសសួរសុខទុក្ខនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបង្ហាញនូវមនោសញ្ចេតនាព្រួយបារម្ភខ្លាំងបំផុត ចំពោះលោកឧត្តមសេនីយ៍ត្រី គង់ គីនី ដែលជានាយទាហាននៃកងរាជអាវុធហត្ថ ដ៏សកម្មការងារនិងមានការទទួលខុសត្រូវខ្ពស់ លើការងារប្រតិបត្តិការ ចូលរួម ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ គ្រប់កម្មវិធី គ្រប់កាលៈទេសៈ និង ជាអ្នកស្រលាញ់ចូលចិត្តការងារលះបង់អស់ពីកម្លាំងកាយចិត្ត ភ្លាមៗប្រែក្លាយជាធ្លាក់ខ្លួនឈឺធ្ងន់មិនដឹងថាថ្ងៃណានឹងបានចូលបម្រើការងារវិញ ធ្វើឲ្យគ្រប់គ្នាមានការតក់ស្លុតនិងអាណិតអាសូរជាពន់ពេកចំពោះ លោកឧត្តមសេនីយ៍ត្រី គង់ គីនី ។ ព្រមជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ-នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរួបរួមគ្នាបរិច្ចាគថវិកា ក្នុងស្មារតីសាមគ្គីភាព សរុបបានថវិកាចំនួន ១០,០០០ដុល្លារ និង ៣០ម៉ឺនរៀល រួមនឹងទឹកសុទ្ធ ភេសជ្ជៈ ០៨កេស ផ្លែឈើ ០១កន្ត្រក ហើយក្នុងនោះក៏មានថវិកា លោក យឹម ល្ខណ៍ និងភរិយា បានជួយឧបត្ថម្ភ ៥,០០០$ ក្នុងនាមជាមិត្តរួមការងារចាស់ យកទៅប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី គង់ គីនី ដើម្បីទុកជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកជួយសម្រាលបន្ទុកក្នុងគ្រួសារផងដែរ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង  ក៏បានរំលឹកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខនិងឧបត្ថម្ភជាថវិកាចំនួន10លានរៀលជូនដល់ការព្យាបាលរបស់ លោកឧត្តមសេនីយ៍ត្រី គង់ គីនី និងថ្លែងអំណរគុណចំពោះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានខ្នះខ្នែងជួយសម្របសម្រួល និងយកចិត្តទុកដាក់ក្នុងការព្យាបាលលោកឧត្តមសេនីយ៍ត្រី គង់ គីនី នៅក្នុងគ្រានេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។