ព័ត៌មានជាតិ

កិច្ចប្រជុំគណ:បញ្ជការឯកភាពរដ្ឋបាលខេត្តសៀមរាបពិភាក្សាអំពីបញ្ហាល្បែងស៊ីសង និងការត្រៀមបង្ការគ្រោះមហន្តរាយនានា !

(សៀមរាប) :នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២១​ ខែកញ្ញាឆ្នាំ២០២២ លោក លី សំរិទ្ឋ អភិបាលរងខេត្តតំណាង ឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំ គណ:បញ្ជការឯកភាពរដ្ឋបាលខេត្ត ដោយមានវត្តមានចូលរួមពី សំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលរងខេត្ត, នាយករដ្ឋបាលសាលាខេត្ត ,ព្រះរាជអាជ្ញាអមសាលាដំបូង តុលាការ មេបញ្ជាការ មេបញ្ជាការរងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់, ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត, នាយក-នាយករងទីចាត់ការសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះធ្វើឡើងក្នុងបំណងពិភាក្សាការងារទៅលើរបៀបវារ:សំខាន់ៗចំនួន៣ គឺ ១-បទបញ្ជាការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្ត, ២-ការត្រៀមបង្ការ ការតាមដាន និងវិធានការឆ្លើយតបពាក់ព័ន្ឋនឹងការគ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្ត​ និង៣ ,ស្តាប់របាយការណ៍របស់ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក​ និងបញ្ហាផ្សេងៗ និងសំណូមពរមួយចំនួនដើម្បីមានវិធានការនិងដំណោះស្រាយ។

ក្រោយពីបានស្តាប់របាយការណ៍របស់ថ្នាក់ដឹកនាំអង្គភាពមន្ទីរស្ថាប័ននានា​ និងរដ្ឋបាលក្រុង​ ស្រុកមួយចំនួនរួចមក លោក លី សំរិទ្ឋ បានវាយតម្លៃខ្ពស់ចំពោះលទ្ឋផលការងារកន្លងមកដែលគ្រប់ជំនាញ គ្រប់ផ្នែកវិស័យបានខិតខំប្រឹងប្រែងអនុវត្តការងារឱ្យបានល្អប្រសើរទៅតាមតួនាទីភារកិច្ចរបស់ខ្លួន។​ ទន្ទឹមនឹងនោះ លោក អភិបាលរងខេត្តក៍បានជំរុញដល់ អភិបាលក្រុងស្រុក អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចគ្រប់ពាក់ព័ន្ឋសហការតាមដាន បង្ក្រាបការលេងល្បែងស៊ីសងគ្រប់ប្រភេទ ដាច់ខាតត្រូវតែបង្ក្រាប ឲ្យអស់ពីមូលដ្ឋាន បូករួមទាំងការជួញដូរមនុស្ស ការសម្អាតលុយកខ្វក់ និងបទល្មើសគ្រឿងញៀន ដែលកើតមាន ត្រូវបង្ក្រាបឲ្យគ្រប់ជ្រុងជ្រោយ ។ កិច្ចប្រជុំនេះ គឺដើមី្បលើពីកិច្ចប្រតិបត្តិការសម្រាប់ជាមូលដ្ឋាន ក្នុងការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដើមី្បរក្សានូវស្ថេរភាព សន្តិសុខសង្គម ឲ្យបានល្អប្រសើរ ។ ក្នុងការរៀបចំផែនការអនុវត្តបទបញ្ជាក្នុងការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស។ លោកក៏បានលើកផងដែរថា រាល់ល្បែងស៊ីសងខ្លះមានការចាត់តាំង ខ្លះគ្មានការចាត់តាំង ព្រមទាំងមានការពាក់ ព័ន្ធទៅនឹងសមត្ថកិច្ចមួយចំនួនទៀតផង ។ បន្ថែមពីនេះ សមត្ថកិច្ចជំនាញ ត្រូវកំណត់ទីតាំង ដែលធ្លាប់ធ្វើអាជីវកម្មល្បែងស៊ីសងខុសច្បាប់ ត្រូវបន្តធ្វើកិច្ចសន្យា ឲ្យម្ចាស់ទីតាំងទាំងនោះ ទទួលខុសត្រូវ ចំពោះ មុខអាជ្ញាធរ ដោយធានាថា មិនឲ្យមានការលេងល្បែងស៊ីសងខុសច្បាប់ បន្តទៀតនោះឡើយ។ ដូច្នេះអ្វីដែលត្រូវការចំពោះមុខនោះ គឺការអនុវត្តលើការបង្ក្រាបល្បែងស៊ីសង ដែលតែងកើតមាន ឡើងនៅតាមមូលដ្ឋានភូមិ ឃុំ ។ ក្នុងនោះលោកក៏បានលើកផងដែរ អំពីល្បែងស៊ីសងនៅតាមប្រព័ន្ធអ៉ីនធើណេត ដែលធ្វើ ឲ្យមានការស្មុកស្មាញដល់សមត្ថកិច្ចយើងក្នុងការបង្ក្រាបបទល្មើសនេះ ។

លោកអភិបាលរងខេត្ត​ បានបន្តទៀតថា ក្នុងនាមជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់នូវវិធានការមួយចំនួនដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ដើមី្បត្រៀមបង្ការ ក្នុងការសង្រ្គោះប្រជាពលរដ្ឋ និង សត្វពាហនៈរបស់បងប្អូនទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងឲ្យយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពបងប្អូន និង មិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយអាជ្ញាធរមិនដឹងនោះឡើយ ។​ ជាមួយគ្នានោះផងដែរសូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងចូលរួមសហការ និងផ្តល់ព័ត៌មានជូនដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារសម្លេងពិសេស ដោយបានអំពាវនាវ ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ច និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធានការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅទូទាំងប្រទេស ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។