ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញដឹកនាំថ្នាក់ដឹកនាំខេត្ត ធ្វើបដិសណ្ឋារកិច្ចទទួលព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុត ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយ ជូនដល់ប្រជាកសិករក្រីក្រ ប្រមាណ៤០៤គ្រួសារ នៅស្រុកស្វាយអន្ទរ

(ព្រៃវែង) ៖ ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំខេត្ត ធ្វើបដិសណ្ឋារកិច្ចទទួលព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយ ជូនដល់ប្រជាកសិករក្រីក្រ ប្រមាណ៤០៤គ្រួសារ នៅភូមិព្រៃរូង និងភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានការអញ្ជើញអមព្រះរាជដំណើរដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង ព្រមទាំងនាម៉ឺនមន្រ្តី នៃក្រសួងព្រះបរមរាជវាំង។

នាឱកាសដ៏វិសេសវិសាលនេះផងដែរ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានសម្ដែងនូវព្រះរាជហឫទ័យ សប្បាយរីករាយដោយបានជួប លោកតា លោកយាយ និងប្រជានុរាស្ត្រ ជាកូន ជាចៅ របស់ព្រះអង្គ ជាពិសេស ព្រះអង្គ បានទត និងជួបសំណេះសំណាលដោយផ្ទាល់ ជាមួយប្រជាកសិករ ព្រមទាំង មានព្រះរាជបន្ទូលពាំនាំ ព្រះរាជបណ្តាំ សាកសួរសុខទុក្ខ ពីសំណាក់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតា ជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តចយាយទួត ជូនប្រជារាស្ត្រ ជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ ដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យ ទុកដាក់ ពីសុខទុក្ខ និងការលំបាក ក៏ដូចជាការរស់នៅរបស់ប្រជារាស្ត្ររបស់ ព្រះអង្គគ្រប់ពេលវេលា។

យើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយព្រះសព្ទសាធុការពរបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជាមួយនិងមនោសញ្ចេតនា កតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុម សម្រាប់ប្រជានុរាស្ត្រខ្មែរ ជានិច្ចនិរន្តរ៍។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។