ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដឹកនាំក្រុមការងាររៀបចំមន្ទីរពេទ្យនគរទេព ដើម្បីប្រែក្លាយជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ !

(ភ្នំពេញ) ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក និងលោកជំទាវ ពេជ ចន្ទមុន្នី នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងាររៀបចំមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីប្រែក្លាយជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលគ្រោងទទួលអ្នកជំងឺកូវីដ-១៩ ឲ្យសម្រាកព្យាបាលចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។

សូមជម្រាបផងដែរថា មន្ទីរពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសូទ្បា (solar) និងមានម៉ាស៊ីនភ្លើងបម្រុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។

មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ៥០០គ្រែ ដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជា ផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែ និងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។ មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ភព និងព្យាបាលរោគស្ត្រីផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ តួរលេខជាសរុប កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១,៧៥៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៩៦៧នាក់, និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៧៨១នាក់ និងករណីស្លាប់ ចំនួន០៣នាក់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។