ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម បានអញ្ជើញចូលរួមកម្មវិធីទិវាស្រែបង្ហាញ ដើម្បីផ្សព្វផ្សាយពូជស្រូវចំបុីស៧០

នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានចូលរួមកម្មវិធីទិវាស្រែបង្ហាញ ដើម្បីផ្សព្វផ្សាយពូជស្រូវចំបុីស៧០ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI)។

ចាប់ផ្តើមពីសកម្មភាពនៅទីវាល ឯកឧត្តមរដ្ឋមន្ត្រី និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្មនិងឯកអគ្គរាជទូតអូស្ត្រាលី បានចុះច្រូតប្រមូលផលស្រូវចំបុីស៧០ ក្នុងស្រែបង្ហាញនៃវិទ្យាស្ថានCARDI ហើយបោកបែនយកគ្រាប់ ដាល់អំបុក និងការធ្វើនិងវិធីដុតក្រឡាន។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅទីវាល ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលទ្ធផលនៃកិច្ចសហការល្អនៃប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ជាពិសេសគម្រោងក្នុងវិស័យកសិកម្ម ក្នុងការជំរុញវិស័យស្រូវអង្ករនៅកម្ពុជា។ ការបើកទំព័រនៃសករាជថ្មី គឺការធ្វើទំនើបកម្មពូជសុទ្ធ ដើម្បីឆ្លើយនឹងបម្រែបម្រួលអាកាសធាតុ និងតម្រូវការស្តង់ដាទីផ្សារ តែទោះជាយ៉ាងណាការធ្វើស្រែអភិរក្សក៏មិនត្រូវបានបោះបង់ដែរ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ចំណុចសំខាន់គឺត្រូវយកចិត្តទុកដាក់លើខ្សែច្រវាក់តម្លៃនិងការផ្គត់ផ្គង់ តាំងពីអ្នកផលិតរហូតដល់ទីផ្សារ ដោយក្នុងនោះត្រូវផលិតពូជស្រូវសុទ្ធសម្រាប់ទីផ្សារ ការអនុវត្តកសិកម្មល្អតាមស្តង់ដាគោលនយោបាយ ការសន្សំសំចៃទឹកនិងទុនចំណាយតាមរយៈការប្រើប្រាស់សូឡាបូមទឹកពេលថ្ងៃនិងអគ្គិសនីពេលយប់ដែលមានតម្លៃទាបជាដើម ដើម្បីធ្វើឱ្យអង្កររបស់កម្ពុជាក្លាយជាមាសសពិតប្រាកដ ផ្តល់ផលចំណេញ មាននិរន្តរភាពសេដ្ឋកិច្ច និងមានលក្ខណៈគិតគូដល់បរិស្ថាន។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ក៏បានស្នើសុំឱ្យមានចូលរួមពីវិស័យឯកជនរួមគ្នាក្នុងការជំរុញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិនិងមានតម្លៃខ្ពស់ ជាពិសេសផ្សព្វផ្សាយបន្ថែមពូជថ្មីចំបុីស៧០ ដោយកម្ពុជាផ្តោតលើគុណភាព តែមិនប្រកួតប្រជែងបរិមាណដែលនាំឱ្យតម្លៃធ្លាក់ចុះឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យវិទ្យាស្ថាន CARDI ត្រូវបន្តសិក្សាពូជថ្មីៗបន្ថែមទៀតមិនមែនត្រឹមតែស្រូវប៉ុណ្ណោះទេ ហើយក៏ត្រូវគិតគូដល់ការអភិរក្សនិងអភិវឌ្ឍពូជថ្មីៗឱ្យមាននិរន្តរភាព។ ក្រសួងនឹងជួយគាំទ្រ និងជំរុញឱ្យ CARDI ជារាជបណ្ឌិតសភាកម្ពុជា និងជាចំណុចស្នូលសំខាន់នៃការស្រាវជ្រាវ និងផលិតកម្មពូជ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។