ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រជុំពិភាក្សាការងារជាមួយតំណាងមកពីអង្គការអភិវឌ្ឍន៍ហូឡង់(SNV) ប្រចាំប្រទេសកម្ពុជា

(ភ្នំពេញ) ៖នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Rik Overmars តំណាងក្រុមការងារមកពីអង្គការអភិវឌ្ឍន៍ហូឡង់(SNV) ប្រចាំប្រទេសកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ទាប់បានទទួលស្តាប់ការធ្វើបទបង្ហាញ និងស្វែងយល់អំពីកម្មវិធីគម្រោងនៃអង្គការ SNV ឯកឧត្តមរដ្ឋមន្ត្រី បានចាប់អារម្មណ៍លើសកម្មភាពគម្រោងចំពោះការគាំទ្រដល់វិស័យឯកជន សហគ្រាសអាជីវកម្ម(SME) ក្នុងការចូលរួមលើកកម្ពស់វិស័យកសិកម្ម និងជីវភាពរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម បានបង្ហាញអំពីទិសដៅអាទិភាពដែលក្រសួងកំពុងយកចិត្តទុកដាក់ និងស្វែងរកគាំទ្រការវិនិយោគដើម្បីដោះស្រាយ ក្នុងនោះរួមមានការជំរុញបង្កើនខ្សែច្រវាក់ការផ្គត់ផ្គង់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ ការលើកកម្ពស់ជីវភាពប្រជាជននៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះនិងស្ទឹងត្រែង និងការគ្រប់គ្រងការប្រើប្រាស់អាងទឹកនៅខេត្តកំពង់ចាមឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាព។ ការងារទាំងនេះ ត្រូវការមូលនិធិ និងការចូលរួមពីវិស័យឯកជន ដើម្បីបែងចែកផលប្រយោជន៍ ផលចំណេញ និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី SNV ត្រូវពិនិត្យមើលលទ្ធភាពនិងប្រើប្រាស់ថវិកាគម្រោងប្រកបដោយភាពច្នៃប្រឌិតមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងស្របនឹងទិសដៅគោលនយោបាយ និងសកម្មភាពអាទិភាពរបស់ក្រសួង។ សម្រាប់កិច្ចសហប្រតិបត្តិ និងការស្នើឱ្យមានអនុស្សារណៈនៃការយោគយល់(MOU) គឺ SNV អាចធ្វើការងារនេះបន្តជាមួយនឹងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។