ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញ !

(ភ្នំពេញ) លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងទាំងថ្ងៃនិងយប់ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ពោលគឺធ្វើយ៉ាងណាអោយរាជធានីភ្នំពេញវិលទៅរកប្រក្រតីភាពជាធម្មតាឡើងវិញ។

លោកថ្លែងបែបនេះ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ខណៈដែលលោកបាននាំយកស្បៀងអាហារជាច្រើនមុខជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩ នៅសាលារាជធានីភ្នំពេញ។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍លើកឡើងថា ដើម្បីសុខមាលភាពប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងណាស់ដោយមិនបានគិតថា ថ្ងៃឬយប់ឡើយ ធ្វើយ៉ាងណា
ទប់ស្កាត់អោយបាននូវការរីករាលដាលមេរោគកូវីដ-១៩។ ស្ថានភាពកូវីដ-១៩ នៅភ្នំពេញមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ព្រោះនៅមានតំបន់លឿងទុំនូវឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ យើងត្រូវតែបើកអោយការធ្វើចរាចរណ៍ឡើងវិញ ជាមួយនិងការជម្រុញអោយអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាលនិងការអនុវត្ត៣កុំនិង៣ការពារ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណចំពោ លោកកិត្តិសេដ្ឋាបណ្ឌិត ដែល
បានឧបត្ថម្ភ៖ ១- ថវិកា ចំនួន ១២១,៦៩៤,០០០រៀល
២- សាប៊ូ ចំនួន៣០០កញ្ចប់,៣- ទឹកត្រី និងទឹកស៊ីម៉ីច ចំនួនៈ ៦,០០០ដប ,៤- ទឹកបរិសុទ្ធហាយធិច ចំនួន ២០០កេស, ៥- ពងមាន់ ចំនួនៈ ២,០០០គ្រាប់, ៦ – សាច់មាន់ចំនួន ១០០ក្បាល,៧- សាច់កែច្នៃចំនួន ១០០គីឡូក្រាម ,៨- សាច់ក្រក ចំនួន៥០កញ្ចប់,៩- មាន់អាំង ចំនួន៥០កញ្ចប់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩នេះ។

លោកបន្តថា ការផ្តល់នូវជំនួយទាំងអស់ខាងលើនេះ បានស្តែងឱ្យឃើញពីទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាបំផុតរបស់លោក កិត្តិសេដ្ឋបណ្ឌិត ដែលកន្លងមកតែងតែគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ និងបានតែងតែចូលរួមបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួន ដោយឈរលើបុព្វហេតុជាតិ នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។