ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្ម អញ្ជើញចុះទស្សនកិច្ចក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តព្រះវិហារ

(ព្រះវិហារ) ៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូចុះធ្វើទស្សនកិច្ចនៅក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីឈ្មោះ សានតានា អាហ្រ្គោ ក្នុងស្រុករវៀង ខេត្តព្រះវិហារ ដើម្បីស្វែងយល់ពីសក្តានុពលរបស់ក្រុមហ៊ុន និងលទ្ធភាពរបស់ក្រសួងក្នុងការជំរុញបន្ថែម។

នាឱកាសនោះ ឯកឧត្តមបានជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងធ្វើពិនិត្យមើលច្រវាក់ប្រតិបត្តិការរោងចក្រខ្នាតធំរបស់ក្រុមហ៊ុន ដែលមានសមត្ថភាព និងស្តង់ដារខ្ពស់រួចជាស្រេច ក្នុងការស្តុកទុក និងកែច្នៃគ្រាប់ស្វាយចន្ទីស្រស់រហូតដល់១ម៉ឺនតោន។ ក្នុងនោះមានចាប់ពីដំណាក់កាលស្តុកទុក ស្ងោរ សម្ងួត បកសម្បក រែង រហូតដល់វិចខ្ចប់។

ឯកឧត្តម ឌិត ទីណា បានបង្ហាញការអារម្មណ៍ចំពោះសក្តានុពលរបស់ក្រុមហ៊ុនទាំងលើការកែច្នៃ និងការលក់ ខណៈឯកឧត្តមរដ្ឋមន្រ្តី កំពុងស្វែងរកអ្នកជំនាញក្នុងវិស័យស្វាយចន្ទី សម្រាប់គំនិតផ្តួចផ្តើមបង្កើតសហគមន៍ស្វាយចន្ទីថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងទុន បច្ចេកទេសដាំដុះ កែច្នៃ និងការរកទីផ្សារល្អៗនៅក្រៅប្រទេស។

តាមរយៈការសំណេះសំណាល ឯកឧត្តម បានបញ្ជាក់ថា ក្រសួងនឹងកៀរគររកទុនវិនិយោគដើម្បីជំរុញសមត្ថភាពក្នុងការកែច្នៃ និងលក់របស់ក្រុមហ៊ុនឱ្យដល់កម្រិតអតិបរមា។ ទន្ទឹមគ្នានោះដែរ ឯកឧត្តមក៏មានប្រសាសន៍ណែនាំឱ្យភាគីក្រុមហ៊ុនត្រូវចាត់ចែងលំហូរទុនរបស់ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីបង្កើនប្រាក់ចំណេញសម្រាប់ក្រុមហ៊ុន ក៏ដូចជាសម្រាប់សេដ្ឋកិច្ចជាតិ ស្របតាមចក្ខុវិស័យរបស់ប្រមុខរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចង់ប្រែក្លាយកម្ពុជា ជាប្រទេសអធិរាជស្វាយចន្ទីក្នុងពិភពលោក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។