ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងឯកឧត្តមរដ្ឋមន្រី្តក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ដ្រីពាក់ព័ន្ធអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ស្ថាបនាផ្លូវរបស់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទចំនួន២ខ្សែរួមមាន

(ព្រៃវែង) ៖ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង រួមដំណើរជាមួយ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រី្តក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ស្ថាបនាផ្លូវរបស់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទចំនួន២ខ្សែរួមមាន៖

ខ្សែផ្លូវទី១ ៖ មានប្រវែង ៧,២៥គីឡូម៉ែត្រ ស្ថិតក្នុងស្រុកកញ្រ្ជៀច ខេត្តព្រៃវែង លាតសន្ធឹងឆ្លងកាត់ឃុំចំនួនពីរគឺឃុំក្ដឿងរាយ និងឃុំកញ្រ្ជៀចស្ថិតក្នុងស្រុកកញ្រ្ជៀច ផ្លូវនេះនឹងត្រូវស្ថាបនាជាផ្លូវក្រាលបេតុងកម្រាស់២០ សង់ទីម៉ែត្រ ដែលមានទទឹងខ្នងលើ ៨ម៉ែត្រ (ទទឹងផ្ទៃរងចរាចរណ៍ ៦ម៉ែត្រ និងចឹញ្ចើមផ្លូវ ១ម៉ែត្រ សងខាង ជាប្រភេទក្រួសក្រហម)។

ខ្សែផ្លូវទី២៖ មានប្រវែង ១០,៤៣ គីឡូម៉ែត្រ ដែលស្ថិតនៅភូមិព្រៃដើមថ្នឹង ទៅភូមិកោងទន្លេលើ ឃុំល្វេ ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង ផ្លូវនេះស្ថាបនាជាប្រភេទផ្លូវកម្រាលបេតុងកម្រាស់ ១៥សង់ទីម៉ែត្រ ទទឹងខ្នងលើសរុប ៧ម៉ែត្រ (ទទឹងចរាចរណ៍ក្រាលបេតុង ៦ម៉ែត្រ និងចញ្ចើមផ្លូវ ០,៥ម៉ែត្រ សងខាងជាប្រភេទក្រួសក្រហម)។

បន្ទាប់ពីអញ្ជើញពិនិត្យការសាងសង់ផ្លូវរួច ឯកឧត្តមអភិបាលខេត្ត រួមជាមួយឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្រ្តីមន្ទីរជំនាញខេត្ត អញ្ជើញចុះពិនិត្យទីតាំងស្ថានីយបូមទឹកទី១ ប្រព័ន្ធស្រោចស្រពវ៉ៃគោ១ ជាលើកទី២ ក្នុងឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម។

ការចុះពិនិត្យនៅស្ថានីយទី១ នៃប្រព័ន្ធវ៉ៃគោ១នេះដែរ ដើម្បីបញ្ជូនទឹកទៅស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតទឹក សរុបផ្ទៃដីចំនួន ៩,៨៨៣ហិកតា តាមប្រឡាយមេទី២ ប្រវែង ៤១គម និងប្រឡាយប្រមូលដុំប្រវែង៣០គម ក្នុងស្រុកកំចាយមារ ចំនួន៣ឃុំ ស្រុកមេសាង ចំនួន៦ឃុំ និងស្រុកស្វាយអន្ទរចំនួន៤ឃុំ ក្នុងខេត្តព្រៃវែង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។