ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន លើកទី៥

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួប សំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ដែលជាជំនួបលើកទី៥ បន្ទាប់ពីអាក់ខាន ដោយសារកូវីដ១៩ រយៈពេល ២ឆ្នាំកន្លងមក។
នៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា និងសំណេះសំណាល ដោយមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបជាមួយអ្នកសារព័ត៌មាននៅថ្ងៃនេះ ប្រកបដោយភាពសុខដុមរមនា បន្ទាប់ពីខកខានពីរឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបថ្ងៃមិនមែនត្រឹមតែជាជំនួបរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានប៉ុណ្ណោះទេ តែក៏ជាជំនួបជាមួយអ្នកផ្តល់ព័ត៌មានមកពីស្ថាប័នផ្សេងៗផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកជំនួបនេះ គឺជាកិច្ចប្រឹងប្រែងមួយ ដើម្បីរួមគ្នាធ្វើជាប្រយោជន៍សម្រាប់សង្គមជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងវាយតម្លៃខ្ពស់ចំពោះអ្នកសារព័ត៌មាន ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រហែលមានប្រទេសមិនច្រើនទេនៅលើពិភពលោក ដែលផ្តល់អាទិភាពដល់អ្នកសារព័ត៌មានក្នុងការទទួលបានវ៉ាក់សាំង។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់កិត្តិយសជូនអ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណសម្រាប់ការជូនពរទាំងឡាយក្នុងខួប ៣៨ឆ្នាំ ដែលសម្តេចកាន់តួនាទីជានាយករដ្ឋមន្ត្រី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សារព័ត៌មាន គឺជាឈ្នាន់នៃការទទួលព័ត៌មានពីក្រោមមកលើ និងទម្លាក់ព័ត៌មានពីលើទៅក្រោម។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងភាពអសកម្មនានាក្នុងសង្គម។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចទទួលបានព័ត៌មានពាក់ព័ន្ធការឈូសឆាយភ្នំនៅខេត្តតាកែវ ពីប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរក្រសួងព័ត៌មាន ដែលធ្វើការងារបានល្អប្រសើរលើការសម្របសម្រួលដល់អ្នកសារព័ត៌មានក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន។
* សម្តេចតេជោ ហ៊ុន សែន ចែករំលែកភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ជូនដល់អ្នកសារព័ត៌មានទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន ជូននូវកិត្តិយសដល់លោក ខៀវ កាញារីទ្ធ សម្រាប់ការដឹកនាំវិស័យព័ត៌មាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកសារព័ត៌មាន និងអ្នកផ្តល់សារព័ត៌មាន មានភាពល្អប្រសើរជាងមុន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកចូលចិត្តផ្សព្វផ្សាយព័ត៌មានមិនពិត គឺងាយនឹងសាបលែងមានអ្នកគាំទ្រ។
* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា សម្តេចប្រើទូរស័ព្ទ ១៨គ្រឿង។
* សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ មិនត្រូវយកអ្នកសារព័ត៌មានជាសត្រូវនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គប្បីធ្វើទំនាក់ទំនង និងផ្សារភ្ជាប់ឱ្យបានល្អជាមួយសារព័ត៌មាន ដែលផ្តល់ប្រយោជន៍សម្រាប់សង្គម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សារព័ត៌មានដែលចេះត្រឹមជេរ សម្តេចមិនឆ្លើយតបជាមួយនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានណែនាំក្រសួងព័ត៌មានចេញច្បាប់ស្តីពីសារព័ត៌មានឱ្យបានក្នុងអាណត្តិទី៧។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបង្កើតថ្នាលទូរទស្សន៍ឌីជីថល និងបញ្ចប់ការផ្សាយអាន់នឺលុក ឱ្យបានរួចរាល់នៅឆ្នាំ២០២៥។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អង្គការក្រៅរដ្ឋាភិបាលខ្លះ បានទាមទារជ្រុលហួសហេតុ ពាក់ព័ន្ធច្បាប់ស្តីពីសារព័ត៌មាន។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកសាព័ត៌មានចូលរួមរក្សាសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ដោយផ្សព្វផ្សាយរាល់បញ្ហាអសកម្មក្នុងមូលដ្ឋានពាក់ព័ន្ធ គោលនយោបាយភូមិឃុំមានសុវត្ថិភាព។
* សម្តេចតេជោ ហ៊ុន សែន ស្នើប្រព័ន្ធផ្សព្វផ្សាយ ចូលរួមផ្សព្វផ្សាយយុទ្ធនាការរាប់ថយក្រោយ ១០០ថ្ងៃ នៃការឆ្ពោះទៅការប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម ឱ្យបានផុលផុសនៅថ្ងៃ២៥ ខែមករា ឆ្នាំ២០២៣។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសយកល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ជួបជាមួយកីឡាករ កីឡាការិនី។
* សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយបង្កើនភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ជាស្ពានផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនយកអ្នកសារព័ត៌មានជាសត្រូវនោះទេ តែសារព័ត៌មានយកសម្តេចជាសត្រូវ ក៏សម្តេចមិនត្រូវការដែរ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកសារព័ត៌មាន បន្តចូលរួមយុទ្ធនាការប្រយុទ្ធភាពអសកម្ម ភាពមិនត្រឹមត្រូវ អយុត្តិធម៌ និងអំពើពុករលួយ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យចូលរួមលុបបំបាត់ជនខិលខូចជ្រកក្រោមស្លាកសារព័ត៌មាន។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់មេធាវីជួយការពារអ្នកសារព័ត៌មាន ដែលហ៊ានបញ្ចេញការពិត។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនបញ្ជូនមេធាវី ទៅការពារអ្នកសារព័ត៌មាន ដែលខិលខូចនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ណែនាំដល់អ្នកសារព័ត៌មានផ្សាយព័ត៌មានពិត កុំប្រឌិតព័ត៌មានដាក់អ្នកដទៃ។
* សម្តេចតេជោ ហ៊ុន សែន ទម្លាយថា សម្តេចបានជួយលោក សាន្ត ប៊ុនធឿន ជិតកន្លះលានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់អ្នកសារព័ត៌មានចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងក្លែងក្លាយឱ្យបានកាន់តែសកម្មថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ត្រូវយកព័ត៌មានពិតមកបង្ក្រាប ដោយធ្វើឱ្យលឿនរហ័ស ដើម្បីបន្សាបព័ត៌មានក្លែងក្លាយទៅវិញ។
* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា សម្តេចប្រើទូរស័ព្ទ ១៨គ្រឿង។
* សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ យកចិត្តទុកដាក់ពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្សាយបំផុសពលរដ្ឋចូលរួមការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំង។
* សម្តេច ហ៊ុន សែន ប្រកាសផ្តល់ការអនុគ្រោះពន្ធសម្រាប់ភាពយន្តបរទេសរយៈពេល៥ឆ្នាំបន្ថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យដំឡើងឧបករណ៍ផ្សព្វផ្សាយនានា បើមិនប៉ះពាល់សុវត្ថិភាពហោះហើរ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលបន្ទុកលើពន្ធប៉ាតង់ រយៈពេល៥ឆ្នាំ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអនឡាញតូចតាច។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ចុះតម្លៃ៥០ភាគរយ លើកម្រៃស្នើសុំអាជ្ញាបណ្ណព័ត៌មាន។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង១៨៖៤៥នាទី (Fresh News)៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។