ព័ត៌មានជាតិ

ស្ត្រីមេម៉ាយទីទាល់ក្រ ០១គ្រួសារ រស់នៅស្រុកកំពង់សៀម ទទួលបានអំណោយផ្ទះមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

(កំពង់ចាម) ផ្ទះថ្មី ០១ខ្នង ចំណងដៃរបស់កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រគល់ជូនលោកយាយ ឌឿ ម៉េត អាយុ ៧៣ឆ្នាំ ជាស្រីមេម៉ាយម្នាក់ រស់នៅជាមួយចៅប្រុស ស្រី ០២នាក់ នៅក្នុងភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ពិធីនេះប្រព្រឹត្តទៅ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២១ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវអនុប្រធានអចិន្ត្រៃយ៍ -លេខាធិការ សមាជិក សមាជិកាគណៈកម្មាធិការសាខា -អាជ្ញាធរមូលដ្ឋាន រួមជាមួយ អនុសាខាស្រុក មន្ត្រីក្រុមកាកបាទក្រហមកម្ពុជាឃុំ យុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្តភូមិ សរុបប្រមាណ ៥៤ នាក់។

ផ្ទះថ្មីនេះ ចំណាយថវិកាអស់ចំនួន ៨,៤៧២ដុល្លារ (ប្រាំបីពាន់បួនរយចិតសិបពីរដុល្លារអាមេរិក) មានទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ ធ្វើពីឈើខ្ពស់ផុតពីដី ដំបូលប្រក់ស័ង្កសីភ្លីធំ ជញ្ជាំងស្មាបត, ជណ្តើរថ្ម , ក្រាលរនាបឬស្សី មានបន្ទប់ដេក ១, មានប្រព័ន្ធអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ( solar ) ដែលប្រើប្រាស់បានទូរទស្សន៍ ១, កង្ហារ ១ និងអំពូល ចំនួន០៥ ។ នៅខាងក្រោយផ្ទះមានរៀបចំផ្ទះបាយ និងមានបន្ទប់ទឹក ក្រាលការ៉ូខាងក្នុង នៅជាប់គ្នានេះមួយផងដែរ ។

មានប្រសាសន៍ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ជូនចំពោះ លោកយាយ ឌឿ ម៉េត ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត។ លោកជំទាវ បានបញ្ជាក៎ថា ជានិច្ចកាល សម្តេច លោកតែងខ្វាយខ្វល៎គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនរើសអើង ហើយបានដោះស្រាយទុក្ខលំបាកបានទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានការលំបាក ទីនោះកាមកាកបាទក្រហមកម្ពុជា ” ។

លោកយាយ ឌឿ ម៉េត បានបង្ហាញទឹកចិត្តរំភើបឥតឧបមា ហើយសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាកបាទក្រហមកម្ពុជា ដែលបានសាងសង់ផ្ទះ សម្រាប់គាត់ និងគ្រួសារស្នាក់នៅយ៉ាងសមរម្យ ហើយក៏មិននឹកស្មានដល់ថា មានភ័ព្វសំណាងដូចថ្ងៃនេះទេ និងសូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន សូមសម្តេចទាំងទ្វេ មានសុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសជាតិ និងនៅជាម្លប់ដ៏កក់ក្តៅ ដល់ប្រជាជនកម្ពុជាតរៀងទៅ។

សម្ភារៈមនុស្សធម៌ដែលផ្តល់ជូន លោកយាយ ឌឿ ម៉េត សម្រាប់ឡើងផ្ទះថ្មីនេះ រួមមាន ៖ អង្ករ ៥០ គក្រ, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប, ទឹកស៊ីអ៊ីវ ១២ដប, ឃីត ២សម្រាប់, ម៉ាស់ ២ប្រអប់ , អាវយឺត ១៦, សម្ភារផ្ទះបាយ ២សម្រាប់ , ធុងទឹកធំ ១, ចង្ក្រាន ២ , ធ្យូង ៥គក្រ និង អុស ១បាច់ ។

សូមបញ្ជាក់ថា សាខាក៏បានផ្តល់ដោយឡែកជូន លោកយាយ និងលោកតា ចំនួន ២១នាក់ ដែលចូលរួមក្នុងឱកាសនោះ ក្នុងម្នាក់ៗទទួលបាន៖
– អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ ៦ដប, ម៉ាស់ ១ប្រអប់, , និង ថវិកា ៦០,០០០ រៀល ក្នុងនេះថវិកា សម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ៤០,០០០ រៀល ផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។