ព័ត៌មានជាតិ

២នាក់ប្តីប្រពន្ធ ក្រោកពីងងឹតជិះម៉ូតូឌុបគ្នា ប្រញាប់មកធ្វើការនៅភ្នំពេញ ជ្រុលទៅបុកពីក្រោយ រថយន្តកែច្នៃដឹកស្រូវខូចចតតាមផ្លូវបណ្តាលអោយស្លាប់ទាំង២នាក់!

(ព្រៃវែង) ៖ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវជាតិលេខ១ ផ្សារករអណ្តើក ក្នុងភូមិប្រសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្តីប្រពន្ធទាំង២នាក់ រស់នៅភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅវេលាម៉ោងទៀបភ្លឺ បានចាកចេញពីផ្ទះ ធ្វើដំណើរដោយម៉ូតូ ទៅធ្វើការនៅភ្នំពេញ ចៃដន្យក៏ជួបគ្រោះថ្នាក់ចរាចរណ៍បុករថយន្តកែច្នៃដឹកស្រូវដែលខូចចតនៅចិញ្ចឹមផ្លូវស្របទីសគ្នា ស្លាប់ទាំងពីរនាក់ប្ដីប្រពន្ធ យ៉ាងអណោចអធ័មតែម្តង។

សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា មូលហេតុគោយន្តកែច្នៃធុនធំ ដឹកស្រូវ ខូចចតនៅចិញ្ចើមផ្លូវជាតិលេខ១ ដោយពុំមានដាក់ផ្លាកសញ្ញា ឬចំណាំងផ្លាត ដើម្បីសម្គាល់ទើបជួបគ្រោះចរាចរណ៍បែបនេះ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះមកវាស់វែងយកវត្ថុតាងទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ដើម្បីដោះស្រាយនៅពេលក្រោយចំណែកឯសាកសពទាំងពីរនាក់ប្ដីប្រពន្ធ ត្រូវបានសាច់ញាតិយកមកធ្វើបុណ្យតាមប្រពៃណី នៅឯភូមិកំណើត ក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។