ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឆេក

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឆេក នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការវិស័យជំនួញកសិកម្ម ដោយបានស្នើភាគីឆេកធ្វើការពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មខ្មែរ ដូចជាផលិតផលវារីវប្បកម្ម និងផលិតផលផ្សេងទៀតដែលមានសក្តានុពល ទៅកាន់ទីផ្សារប្រទេសឆេក។

សម្រាប់ការអភិវឌ្ឍធនធាន ឯកឧត្តមរដ្ឋមន្ដ្រី បានស្នើឱ្យមានការបញ្ជូនគ្រូបណ្តុះបណ្តាលមកកម្ពុជាផ្ទាល់ ឬតាមរយៈកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ វគ្គបណ្តុះបណ្តាលខ្លី ដើម្បីផ្តល់និងពង្រឹងសមត្ថភាពនិងជំនាញពិតប្រាកដ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកំពុងត្រូវការដៃគូវិនិយោគបន្ថែមទៀតក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម ដើម្បីចូលរួមឆ្លើយតបនឹងបញ្ហាសន្តិសុខនិងសុវត្ថិភាពស្បៀងសាកលលោក។ ជាគោលនយោបាយ ក្រសួងផ្តោតអាទិភាពលើផលិតផលកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងជំរុញការផលិតផលិតផលដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់ មានប្រសិទ្ធភាពសេដ្ឋកិច្ច និងគិតគូដល់និរន្តរភាពបរិស្ថាន Eco-Friendly៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។