ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីលះបង់ខ្ពស់ ទើបអាស៊ានមានមោទនភាពលើការយកឈ្នះពីជំងឺកូវីដ១៩

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ថ្លែងថា ការរាតត្បាតនៃជំងឺកូវីដ១៩ មានរយៈពេលជិត ៣ឆ្នាំហើយ ចាប់តាំងពីឆ្នាំ២០២០មក ជាមួយនឹងការព្យាយាម និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីលះបង់របស់យើង តាមរយៈសមាជិកអាស៊ាននីមួយៗ និងអាស៊ានជារួម យើងអាចប្រកាសដោយមោទនភាព។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ជាផ្លូវការ ដែលពិធីដ៏មហោឡារិកនេះនឹងប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ការយកឈ្នះលើបញ្ហាវិបត្តិសកលជំងឺកូវីដ១៩ ទើបមានការចាប់ផ្តើមបើកដំណើរការស្តារឡើងវិញនូវសកម្មភាព-សេដ្ឋកិច្ច ដោយផ្អែកតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) កាលពីខែតុលា កន្លងទៅនេះ។ រដ្ឋសមាជិកអាស៊ាននីមួយៗ នឹងទទួលបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន ហើយតំបន់អាស៊ានទាំងមូល នឹងអាចសម្រេចបានកំណើនក្នុងអត្រា ៥,៣% និង ៤,៩% ក្នុងឆ្នាំ២០២២ និង២០២៣ រៀងៗគ្នា ដែលជាអត្រាខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀតនៃសកលលោក៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។