ព័ត៌មានជាតិ

នៅទីស្ដីការក្រសួងកសិកម្ម ការធ្វើបទបង្ហាញ របស់ក្រុមការងារជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីការរៀបចំថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់ការស្នើសុំចុះបញ្ជី អជ្ញាបណ្ណ និងប្រព័ន្ធគ្រប់គ្រង និងតាមដានឯកសាររបស់អង្គភាព

(ភ្នំពេញ) ៖បន្ទាប់ពីបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វ ដែលជាអំណោយរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណៈរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃអង្គារ ០៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ដដែល ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញក្រុមការងារបច្ចេកទេសផ្នែកព័ត៌មានវិទ្យា ដឹកនាំដោយ ឯកឧត្តម គង់ មារី អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ក្នុងការរៀបចំថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់ការស្នើសុំចុះបញ្ជីអាជីវកម្ម អជ្ញាបណ្ណ ឬលិខិតអនុញាតផ្សេងៗ ការរៀបចំប្រព័ន្ធគ្រប់គ្រង និងតាមដានការចរន្តឯកសាររបស់អង្គភាព ដើម្បីពិនិត្យមើលលទ្ធភាព និងទទួលបានធាតុចូលក្នុងការរៀបចំ៖
១). ថ្នាលព័ត៌មានវិទ្យាសម្រាប់ប្រព័ន្ធស្នើសុំការចុះបញ្ជី ឬអាជ្ញាបណ្ណ លើសេវាសាធារណៈផ្សេងៗរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
២). ប្រព័ន្ធគ្រប់គ្រង និងតាមដានការចរន្តឯកសាររបស់អង្គភាពដែលអាចជួយសម្រួល ពន្លឿន និងបង្កើនប្រសិទ្ធភាពក្នុងការចរន្តឯកសារផ្សេងៗសម្រាប់ក្រសួង និងស្ថាប័នក្រោមឱវាទ និង
៣). ថ្នាលព័ត៌មានវិទ្យាដែលមានលក្ខណៈសមញ្ញ និងងាយស្រួលប្រើសម្រាប់កសិករប្រើប្រាស់ក្នុងផ្សព្វផ្សាយ និងលក់ផលិតផលរបស់ខ្លួន។

ដើម្បីចូលរួមក្នុងការអនុវត្តយុទ្ធសាស្ត្ររដ្ឋាភិបាលឌីជីថល (Digital Government) និងឆ្លើយតបទៅនឹងការវិវឌ្ឍនៃឧស្សាហកម្ម៤.០ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការកំណត់នូវកម្រិតសន្ទស្សន៍ (indicator) ដែលត្រូវសម្រេចក្នុងឆ្នាំ២០២៣ខាងមុខនេះឱ្យបានជាក់លាក់ សម្រាប់ការរៀបចំប្រព័ន្ធស្នើសុំសេវាសាធារណៈរបស់ក្រសួងជាទម្រង់ឌីជីថលដើម្បីសម្រួលដល់សាធារណៈជនក្នុងការស្នើសុំ ដោយកាត់បន្ថយពេលវេលា ពន្លឿននិតិវិធី និងភាពស្មុគស្មាញ និងសម្រាប់ប្រព័ន្ធគ្រប់គ្រង និងតាមដានចរន្តឯកសារមួយចំនួនរបស់ក្រសួងដោយរៀបចំជាប្រព័ន្ធមួយដែលងាយស្រួលក្នុងការប្រើប្រាស់ ធានាបាននូវប្រសិទ្ធភាព កាត់បន្ថយពេលវេលា ថវិកា និងការប្រើប្រាស់ក្រដាស់ដែលជាការរួមចំណែកក្នុងការការពារបរិស្ថានផងដែរ។ ដោយឡែកការបង្កើតថ្នាលឌីជីថល (Digital Platform) ដែលមានលក្ខណៈសមញ្ញ ហើយកសិករងាយស្រួលប្រើសម្រាប់ធ្វើការផ្សព្វផ្សាយ និងលក់ផលិតផលរបស់ខ្លួន ឯកឧត្តមរដ្ឋមន្ត្រី នឹងធ្វើការសិក្សាបន្ថែមទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។