ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅស្រុកកៀនស្វាយ

(កណ្ដាល) ៖នាព្រឹកថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា បណ្ឌិត្យសភានគរបាលកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលសុក្រឹតការថ្នាក់ដឹកនាំនគរបាលនេះ បានចំនួនពីរជំនាន់រួចមកហើយ ដោយមានសិក្ខាកាមសរុប ៣០៣នាក់ និងនារីចំនួន ២១នាក់។

ឯកឧត្តមបន្តថា បណ្ឌិត្យសភានគរបាលកម្ពុជា នឹងបន្តបើកវគ្គបណ្ដុះបណ្ដាលជំនាន់ទី៣ ទៀតដែលនឹងត្រូវចាប់ផ្ដើមនៅដើមខែមករា ឆ្នាំ២០២៣ខាងមុខនេះ និងថាការបណ្ដុះបណ្ដាលនេះ គឺជាការឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តតាមកម្មវិធីកំណែទម្រង់របស់ខ្លួន និងផែនការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា វគ្គសុក្រឹត្យការនេះ មានគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈដល់ថ្នាក់ដឹកនាំនគរបាលជាតិក្នុងមុខតំណែង ដើម្បីលើកកម្ពស់គុណភាពការងារដឹកនាំគ្រប់គ្រងនៅតាមអង្គភាពនគរបាលនីមួយៗ ពីព្រោះកម្មវិធីបណ្ដុះបណ្ដាលនេះបានតម្រង់ទិសសិក្ខាកាមទទួលបានចំណេះដឹង និងជំនាញវិជ្ជាជីវៈនគរបាល និងការបំពេញតួនាទី និងភារកិច្ច។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានអញ្ជើញជាតំណាងសិក្ខាកាម ឡើងថ្លែងប្ដេជ្ញាចិត្តបំពេញភារកិច្ចដោយស្មោះត្រង់ និងឥតងាករេក្នុងការបម្រើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានប្ដេជ្ញាយកចំណេះដឹង និងជំនាញវិជ្ជាជីវៈដែលទទួលបានពីការបណ្ដុះបណ្ដាលនេះ ទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាពសម្រាប់អង្គភាព និងជាឧត្តមប្រយោជន៍សម្រាប់សង្គមជាតិ គោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងពេលបំពេញភារកិច្ចរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យមានគុណភាព។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាល និងមន្រ្តីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ សម្រេចបានសមិទ្ធផលថ្មីៗជាច្រើនទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកសាងធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិ។

សម្ដេចក្រឡាហោម បានថ្លែងកោតសរសើរសិក្ខាកាមជ័យលាភីទាំងអស់ដែលបានមកចូលរួមសិក្សាក្នុងវគ្គសុក្រឹត្យការដ៏មានសារៈសំខាន់នេះតាមការចាត់តាំងរបស់ក្រសួងមហាផ្ទៃ ព្រមទាំងយកចិត្តទុកដាក់សិក្សារៀនសូត្រ ហ្វឹកហាត់ និងគោរពវិន័យបានល្អ រហូតទទួលបានជោគជ័យតាមកម្មវិធីសិក្សាដែលបានកំណត់។ សម្ដេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវផែនការអភិវឌ្ឍធនធានមនុស្ស។

សម្ដេចរម្លឹកថា ទោះបីស្ថានភាពកូវីដ-១៩ បានធ្វើឱ្យខកខានការបើកវគ្គបណ្ដុះបណ្ដាលខ្លះ ប៉ុន្តែពេលស្ថានភាពធូរស្រាលឡើងវិញ ការងារបណ្ដុះបណ្ដាលបានវិលត្រឡប់មកវិញ ដែលក្នុងនោះទាក់ទងទៅនឹងមន្រ្តីនគរបាលជាតិដែលបានផ្ទេរពីមន្រ្តីរាជការស៊ីវិលមកក្នុងជួរកងកម្លាំងនគរបាលជាតិ ប៉ុន្តែមិនបានសិក្សារៀនសូត្រ។ សម្ដេចបានសម្ដែងក្ដីរីករាយចំពោះកិច្ចដំណើរការបណ្ដុះបណ្ដាលជាបន្តបន្ទាប់ ទាំងនៅបណ្ឌិតសភានគរបាលកម្ពុជា និងនៅសាលានគរបាលជាតិភូមិភាគ។

សម្ដេចបន្តថា ការបណ្ដុះបណ្ដាល ការហ្វឹកហាត់មន្រ្តីនគរបាលជាតិ គឺជាការចាំបាច់ជាដាច់ខាត និងមិនអាចខ្វះបាន ដោយត្រូវធ្វើជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ព្រោះស្ថានការណ៍សង្គមកាន់តែមានការផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសការប្រឈមមុខនឹងបទល្មើសថ្មីៗ ឬបទល្មើសចាស់ ប៉ុន្តែបានប្រើប្រាស់វិធីថ្មីៗ ចម្លែកៗ ដែលទាមទារឱ្យកងកម្លាំងមានសមត្ថកិច្ចត្រូវតែមានចំណេះដឹងទូលំទូលាយ ពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យា។

សម្ដេចក៏បានថ្លែងអំពីការងារកំណែទម្រង់កងកម្លាំងនគរបាលជាតិ ដូចជាការជ្រើសរើសមន្រ្តីនគរបាលតាមប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ការផ្ទេរមន្រ្តីនគរបាលប៉ុស្តិ៍ ការតម្រូវឱ្យធ្វើតេស្តរកសារធាតុញៀនមុននឹងអនុញ្ញាតឱ្យចូលប្រឡង ឬជ្រើសរើសការផ្អាកផ្ទេរមន្រ្តីពីក្រសួងស្ថាប័នផ្សេងចូលមកក្របខណ្ឌនគរបាលជាតិនៅក្រសួងមហាផ្ទៃ ការធ្វើសវនកម្មជុំវិញការតម្លើងឋាន្តរស័ក្ដិមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនារ ព្រមទាំងការតម្លើងថ្នាក់មន្រ្តីរាជការស៊ីវិល។

សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់ជូនអង្គពិធីដំណើរការរៀបចំរចនាសម្ព័ន្ធផ្នែកនគរបាលជាតិនៅបណ្ដាប្រទេសមួយចំនួន ដូចជានៅប្រទេសវៀតណាម ប្រទេសចិន ប្រទេសថៃ ប្រទេសបារាំង និងប្រទេសទួកគី ដែលអាចមានស្ថានភាពខុសៗអាស្រ័យទៅលើបរិបទ និងសវតានៃប្រទេសនីមួយៗ ប៉ុន្តែអ្វីដែលសម្ដេចកត់សម្គាល់នោះ គឺមានការអប់រំបណ្ដុះបណ្ដាលធនធានកងកម្លាំងនគរបាលឱ្យមានវិជ្ជាជីវៈ និងធ្វើការងារប្រកបដោយវិជ្ជាជីវៈដូចៗគ្នា ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។