ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ជាប្រទេសតូច តែមិនមែនជាប្រភពចម្លងជំងឺកូវីដ១៩ ទៅកាន់ប្រទេសជិតខាងឡើយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឲ្យដឹងថា តាមការចេញផ្សាយនៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសវៀតណាមមានការកើនឡើងអត្រាឆ្លងជំងឺកូវីដ-១៩ ចំនួនជាង ១៤០០០នាក់ និងស្លាប់ក៏មានចំនួនច្រើនផងដែរ ដែលនេះជាការព្រួយបារម្ភមួយ។ សម្តេចបន្តថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នេះ ភាគច្រើនរកឃើញនៅទីក្រុងហូរជីមិញ និងខេត្តមួយចំនួនជាប់ព្រំដែនកម្ពុជា។ ទន្ទឹមនឹងប្រទេសវៀតណាមឆ្លងច្រើន ខណៈដែលប្រជាជនកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជនរហូតដល់ជាង ៨៨% ក្នុងចំណោមប្រជាជនសរុបជាង ១៦លាននាក់។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅថ្ងៃច័ន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និង សាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា តាមការផ្សាយរបស់ប្រទេសវៀតណាម ដែលជាសំដីរបស់នាយឧត្តមសេនីយ៍ ង៉ោ ស៊ុនចៀន ទទួលបន្ទុកកិច្ចការពារព្រំដែន បានធ្វើសន្និសីទការសែតមួយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ស្តីពីការការពារជំងឺឆ្លងកូវីដ-១៩ តាមព្រំដែនកម្ពុជា-វៀតណាម ដែលក្នុងឱកាសនោះ លោកបាននិយាយថា «បើវៀតណាមធ្វេសប្រហែស ជំងឺឆ្លងនឹងចេញពីកម្ពុជាចូលវៀតណាមដូចជំនន់ទន្លេមេគង្គ» ហើយភ្លាមៗនោះ ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសារព័ត៌មានអនឡាញ និងការសែតវៀតណាមព្រោងព្រាត។
បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី ការលើកឡើងរបស់ឧត្តមសេនីយ៍ ង៉ោ ស៊ុនចៀន ជាប្រមាថដ៏ធ្ងន់ធ្ងរបំផុតមកលើប្រជាជនកម្ពុជា ខណៈដែលប្រទេសវៀតណាមបានចាក់វ៉ាក់សាំងឱ្យប្រជាជនខ្លួនឯងមានចំនួនភាគរយតិចនៅឡើយ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការចោទប្រកាន់របស់បុគ្គលនេះ គឺកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត់ ហើយលោកឧត្តមសេនីយ៍វៀតណាមរូបនេះ ត្រូវពិចារណាកំហុស ចេញមុខសុំទោសប្រជាជនកម្ពុជា។ សម្តេចថា បើលោក ង៉ោ ស៊ុនចៀន ខ្វះភស្តុតាងស្តីពីកំហុសប្រមាថមើលងាយប្រទេសដទៃនោះ អាចមកសុំយកពីប្រទេសកម្ពុជាបាន។
ទោះយ៉ាងណា សម្តេចតេជោបញ្ជាក់ថា ការប្រតិកម្មបែបនេះ គឺមិនសម្តៅទៅលើបក្ស និងរដ្ឋនៃប្រទេសវៀតណាមនោះទេ ប៉ុន្តែវាគឺជាកំហុសឆ្គងរបស់បុគ្គលមន្ត្រីវៀតណាម ដែលមានគំនិតមិនល្អ បំភ្លៃអំពីស្ថានភាពពិតនៃជំងឺកូវីដ-១៩ នៅកម្ពុជា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។