ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យមេធាវីសិក្សា ដើម្បីប្តឹង លោក សឹង សែនករុណា ក្នុងករណីមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាឱ្យមេធាវីរបស់គណបក្សប្រជាជនកម្ពុជា សិក្សាផ្លូវច្បាប់ ដើម្បីប្តឹង លោក សឹង សែនករុណា អនុប្រធានសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ពាក់ព័ន្ធនឹងករណីប្រមាថគណបក្សប្រជាជនកម្ពុជា។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយភ្ជាប់នឹងករណី លោក សុន ឆ័យ, សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «សូមឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ ដើម្បីប្តឹងមនុស្សម្នាក់នេះទៀតប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។ គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេ ព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជន ឬមកលើខ្ញុំតើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ?»

សម្តេចបានបន្ថែមថា៖ «ក្នុងការចុះផ្សាយក៏មានការនិយាយដោយ សឹង សែនករុណា។ ខ្ញុំសូមឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ ដើម្បីប្តឹងមនុស្សម្នាក់នេះទៀតប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។ យើងសូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនផ្តល់ឱកាសសម្រាប់មនុស្សណាក៏ដោយប្រមាថមើលងាយ គណបក្សតទៅទៀតទេ យើងត្រូវរកយុត្តិធម៌សម្រាប់ខ្លួនយើងតាមផ្លូវតុលាការ។ (សិទ្ធិរបស់អ្នកមានព្រំដែនជាមួយសិទ្ធិរបស់ខ្ញុំ)»។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០២២ បានដាក់ពាក្យប្តឹង លោក សុន​ ឆ័យ ម្តងរួចទៅហើយ ពាក់ព័ន្ធនឹងការប្រមាថថា គណបក្សប្រជាជនកម្ពុជា និងគ.ជ.ប បានលួចសន្លឹកឆ្នោត។ ពាក់ព័ន្ធនឹងបណ្តឹងនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ក៏បានប្រកាសសាលក្រមផ្ដន្ទាទោសពិន័យជាប្រាក់ចំនួន ៨លានរៀល ព្រមទាំងបង្គាប់ឱ្យសងសំណងជំងឺចិត្តឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣,០០០លានរៀល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។