ព័ត៌មានជាតិ

ពិធីបួងសួងបើកព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គររ និង ជាការអបអរសាទរពិធីរម្លឹកខួបគម្រប់២៩ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(សៀមរាប) :នាព្រឹកថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២១នេះ នៅមុខប្រាង្គប្រាសាទអង្គរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានចូលរួមប្រារព្ធធ្វើពិធីបួងសួងសម្រាប់បើកព្រឹត្តិការណ៍រំលឹកគុណអង្គរ និង ជាការអបអរសាទរពិធីរម្លឹកខួបគម្រប់២៩ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្រោមអធិបតីភាពរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សារា និង លោក សាដា អ៊ូម៉ា អាឡាម (Sadar Umar Alam) តំណាងអង្គការយូណេស្កួ ប្រចាំនៅកម្ពុជា អាជ្ញាធរជាតិអប្សរា និងមន្រ្តីរាជការ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិផងដែរ ។

ព្រឹត្តិការនេះក៏បានរៀបចំពិធីបួងសួងទៅតាមទំនៀមទំលាប់បែបសាសនាមានការបូជាទៀនធូបផ្កាភ្ញី ក្នុងគោលបំណងដើម្បីរំលឹកនឹកដល់គុណបុណ្យមហាវីរ:ដូនតា ដែលជាបុព្វបុរសបានបន្សល់ទុកនូវមរតកដ៏មានតម្លៃមហាសាលដ៏ល្បីល្បាញ់ ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកទៀតផង។ ការប្រារព្ធពិធីនេះឡើងបាន ដោយសារតែប្រទេសជាតិ មានសុខសន្តិភាព ជាពិសេស បង្ហាញពីទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានភាពរុងរឿងនឹងរីកចំរើនតទៅអនាគត ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សារារួចមក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា ការរៀបចំកម្មវិធីនេះប្រពឹត្តទៅបានគឺ ក្រោមការដឹកនាំប្រកបដដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីបានដឹកនាំប្រទេសមានសុខសន្តិភាព និងឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ម្យ៉ាងទៀតនៅក្នុងឆ្នាំនេះ គឺជាការអបអរសាទរនៃពិធីរំលឹកខួបគម្រប់២៩ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូផងដែរ ។ ពិធីរំលឹកគុណអង្គរនេះនឹងត្រូវប្រារព្ធឡើងក្នុងថ្ងៃទី១៤ ខែធ្នូ ជារៀងរាល់ឆ្នាំ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងថា ព្រឹត្តិការណ៍នេះពិតជាបានរំលឹក និងដាស់តឿនប្រជាពលរដ្ឋ ក្នុងពេលបច្ចុប្បន្ន និងអនាគតឲ្យចងចាំ និងប្តេជ្ញាចិត្តត្រូវចេះថែរក្សាការពារតំបន់អង្គរទាំងមូល ដើម្បីជាការតបស្នងសងគុណ ជូនដល់បុព្វការីជន ព្រះមហាក្សត្រគ្រប់ព្រះអង្គ ឥស្សរជនជាតិ អ្នកជំនាញការជាតិ និងអន្តរជាតិ ព្រមទាំងជនរួមជាតិគ្រប់ជំនាន់ ដែលបានលះបង់ប្រាជ្ញា ស្មារតី ដើម្បីបុព្វហេតុនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរដោយចីរភាព និងមហាអស្ចារ្យដែលមិនអាចបំភ្លេចបានរហូតមកដល់បច្ចុប្បន្ននេះ។ ក្នុងនោះដែរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកពីប្រវត្តិអតីតកាលកន្លងមក ដែលបានធ្វើឲ្យប្រាង្គប្រាសាទ អង្គរ ដែលជាដួងព្រលឹងជាតិ និង ជាអត្តសញ្ញានៃនិមត្តិរូបជាតិខ្មែរ ដែលត្រូវបានរងការបោះបង់ មិនបានធ្វើការរំលឹកគុណអង្គរនោះឡើយ ។ ការរំលឹកគុណអង្គរនាពេលនេះ ក៏កើតចេញពីស្មារតីជ័យជំនះ៧មករា ១៩៧៩ ក្រោមដំបូលសន្តិភាព នៃ គោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ដោយមានកិច្ចសហការបានល្អរវាងអាជ្ញាធរជាតិអប្សរា និង រដ្ឋបាលខេត្តសៀមរាប បានបង្កើតជាបុណ្យរំលឹកគុណអង្គរនេះឡើង ក្នុងការស្តារឡើងវិញនូវវិស័យទេសចរ នៅខេត្តសៀមរាបក្នុងបរិបទកូវិដ១៩ ក្រោយការបើកឡើងវិញក្នុងការទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលទទួលបានការ ចាក់វ៉ាក់សាំងពេញលេញ ចូលមកទស្សនាកម្សាន្តនៅរមណីយដ្ឋានអង្គរ ក៏ដូចតំបន់រមណីយដ្ឋានផ្សេងៗទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ។

នាឱកាសនេះ លោកជំទាវក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ៤០លាន និងថវិការបស់រដ្ឋបាលខេត្ត ៥លានរៀល សរុបចំនួន ៤៥លាន ប្រគល់ជូនសម្រាប់ចាត់ចែងក្នុងកម្មវិធី ព្រមទាំងបាននិមន្តព្រះសង្ឃចំនួន ១០៨អង្គ ធ្វើការរាប់បាត្រ ឧទិ្ទសកុសលថ្វាយជូនដល់បុព្វបុរសដូនតា ដែលបានសាងសង់ប្រាង្គប្រាសាទនៅលើ ទឹកដីអង្គរនៃយើង ព្រមទាំងឧទ្ទិសជូនដល់យុទ្ធជនយុទ្ធនារី ដែលបានពិលីជីវិតក្នុងបុព្វហេតុជាតិ ដើមី្បការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានអញ្ជើញទស្សនាពិពណ៌រូបភាព ពីសកម្មភាព និង លទ្ធផលដែលអាជ្ញាធរជាតិ អប្សារសម្រេចបានក្នុងពេលកន្លងមកផងដែរ ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។