ព័ត៌មានជាតិ

ពិធីសម្ពោធអគារសិក្សា ប្រគល់វិញ្ញាបនបត្រ ISO 9001:2015 និងប្រគល់សញ្ញាបត្រដល់សិក្ខាកាម នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

(សៀមរាប) ៖ នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ៨ និង ៣០ នាទី លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តតំណាងឯកឧត្តមទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធអគារសិក្សា ប្រគល់វិញ្ញាបនបត្រ ISO ៩០០១:២០១៥ និងប្រគល់សញ្ញាបត្រ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពី លោកបណ្ឌិត ម៉ម ស៊ីនួន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ​ តំណាង ស្នងការនគរបាលខេត្ត តំណាង មេបញ្ជាការកងរាជអាវុធ ហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង-ស្រុក លោក លោកសី បុគ្គលិក លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្សទាំងអស់។

លោកស្រី​ អភិបាលរងខេត្តក៏បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអប់រំ​ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពដទៃទៀត ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការបង្កើនចំណេះដឹង ជំនាញ ឥរិយាបថ ការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពការងារ និងសមត្ថភាពសម្រាប់ការបង្កើតមុខរបរ និងការបង្កើនឱកាសការងារ។ អាស្រ័យដោយពិនិត្យឃើញអំពីសារៈសំខាន់ដូចនេះ​ ទើបរដ្ឋបាលខេត្តគាំទ្ររាល់សកម្មភាពបណ្តុះបណ្តាលក្នុងវិស័យ TVET​ ដែលទាំងនេះសុទ្ធសឹងតែជាគោលដៅរួមរបស់រាជរដ្ឋាភិបាល ក្រោមការដឹក
នាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់និងត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅលុបបំបាត់ភាពក្រីកតាមរយៈការបណ្ដុះបណ្តាលប្រជាពលរដ្ឋឲ្យមានជំនាញបច្ចេកទេស និង វិជ្ជាជីវៈ មនុស្សម្នាក់ ជំនាញមួយ ! ជំនាញពិត ជីវិតប្រសើរ។

លោកស្រីអភិបាលរងខេត្តបានបន្តថា​ ក្នុងកំឡុងពេលដែលពិភពលោកទាំងមូល ក៏ដូចជាប្រទេសកម្ពុជាផងដែរកំពុងប្រឈមនឹង បញ្ហាការរីករាលដាលនៃជំងឺរីដ-១៩ ខេត្តសៀមរាប បានរងការប៉ះពាល់ធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់ ជាពិសេសលើសេដ្ឋកិច្ចរបស់ខេត្ត ប៉ុន្តែថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ បាន ខិតខំប្រឹងប្រែងរិះរកគ្រប់វិធី ព្រមទាំងមានការជ្រោមជ្រែងពីប្រមុខរាជរដ្ឋាភិបាល ដូចជាផែនការមេសម្រាប់ទេសចរណ៍របស់ខេត្ត រួមទាំងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ដូចជាការសាងសង់ ផ្លូវថ្នល់ លូរំដោះទឹក ដើម ក្នុងគោលបំណងស្តារវិស័យទេសចរណ៍របស់ខេត្តឡើងវិញ។ បន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ខេត្តសៀមរាបក៏មានសក្តានុពលលេីវិស័យទេសចរណ៍ និង ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ជាច្រើន តាមរយៈផ្លូវ៣៨ ខ្សែ ដែលរាជរដ្ឋាភិបាលបានផ្ដល់ឱ្យបានធ្វើឱ្យ ក្រុងសៀមរាប បានប្រែមុខមាត់យ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន និងធ្វើឱ្យស្ដង់ដារស់នៅមានការកើនឡើង។ ព្រមជាមួយនេះដែរ ព្រលានយន្តហោះថ្មី ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់ក្នុងខែតុលាខាងមុខនេះ តាមរយៈការទទួលចុះចតនូវយន្តហោះធំៗ និងជើងហោះហើរផ្ទាល់ ក៏ជាកត្តាមួយជម្រុញឱ្យភ្ញៀវទេសចរកើនឡើង រួមទាំងជម្រុញនូវកំណើនសេដ្ឋកិច្ចលើ គ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ និងធ្វើអោយតម្រូវការទីផ្សារការងារកើនឡើងផងដែរ។ មិនត្រឹមតែប៉ុណ្ណឹង រដ្ឋាភិបាលគ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនភ្ជាប់ខេត្តសៀមរាបនឹងក្រុង ភ្នំពេញនាពេលខាងមុខនេះ ដែលជាផលចំណេញ ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង ជួយកាត់បន្ថយពេល វេលា និងចំណាយថ្លៃដើមទាបក្នុងការដឹកជញ្ជូនទំនិញជាដើម ពិសេសជំរុញវិស័យទេសចរណ៍ ដលអ្នកសៀមរាបយើងទន្ទឹងនិងបំណងប្រាថ្នាផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។