ព័ត៌មានជាតិ

ករណីឆបោកក្រោមរូបភាពផ្ញើលុយពីបរទេសត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យបាន២នាក់ !

ករណីឆបោកក្រោមរូបភាពផ្ញើលុយពីបរទេសត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យបាន២នាក់

 

ភ្នំពេញ ៖ កាលពីថ្ងៃទីអំឡុង ខែសីហា ឆ្នាំ២០២២ មានគណនីហ្វេសប៊ុកឈ្មោះ PARIMAL បានប្រាប់ថាខ្លួនជាប់នៅប្រទេសអ៊ុយក្រែន ហើយខ្លួនត្រូវការផ្ញើប្រាក់មកទុកនៅស្រុកខ្មែរ ដើម្បីរកមនុស្សចិត្តល្អជួយរក្សាទុកឲ្យ ហើយឈ្មោះ PARIMAL ធ្វើជាជ្រើសរើសយកជនរងគ្រោះឈ្មោះ ឯក ពិសិដ្ឋ ភេទប្រុស រស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់មកក៏មានស្រ្តីជនជាតិខ្មែរម្នាក់ អះអាងខ្លួនជាមន្រ្តីគយ ដែលបានឃាត់ប្រាក់ខាងលើ ស្ត្រីនោះបញ្ជាក់ទៀតថា ទាល់តែបង់ប្រាក់ពិន័យចំនួន USD ១៧,៥០០$ តាមរយៈវីងលេខ 078 654 172 ទើបអាចទទួលបានកញ្ចប់ប្រាក់ខាងលើ។ ដោយចាញ់ល្បិចកលរបស់ក្រុមឆបោកខាងលើ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានផ្ញើប្រាក់ជាបន្តបន្ទាប់សរុប៩,១២០$។

ប៉ុន្តែក្រោយពីផ្ញើប្រាក់រួចជនរងគ្រោះទាក់ទងលែងបាន ចំណែកគណនីហ្វេសប៊ុកឈ្មោះ PARIMAL ក៏មិនអាចទាក់ទងបានទៀត ទើបដឹងថាចាញ់បោកគេហើយ ប៉ុន្តែនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្រាប់តែឈ្មោះ PARIMAL បានទាក់ទងមកឲ្យជនរងគ្រោះផ្ញើប្រាក់បន្ថែម៥០០០$ ទៀតនឹងទទួលបានកញ្ចប់ប្រាក់នោះ តែមុនពេលផ្ញើប្រាក់ជនរងគ្រោះបានរាយការណ៍មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីជួយអន្តរាគមន៍ទើបឃាត់ខ្លួនជនសង្ស័យបាន ខណៈពេលកំពុងចូលទៅដកប្រាក់នៅទីតាំងវីងមួយកន្លែងស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានឈ្មោះដូចខាងក្រោម៖

ទី១៖ ឈ្មោះ N’ CHO MARCEL ភេទប្រុស ជនជាតិ កូឌឺវ័រ និងទី២៖ឈ្មោះ ដូង ធារី ភេទស្រី ជនជាតិ ខ្មែរ។ សម្ភារៈដកហូតរួមមាន ប្រាក់ដុល្លារចំនួន ៥៨០០$ (ប្រាក់ជនរងគ្រោះ), ទូរស័ព្ទចំនួន ០៤គ្រឿង (អិនចុចពិល ០២, ស្មាតហ្វូន ០២), លោហៈធាតុពណ៌លឿង (ខ្សែដៃ១, ខ្សែក១ ), ស៊ីមកាតមួយចំនួន, លិខិតឆ្លងដែន ០១ក្បាល និងសៀវភៅលេខទូរស័ព្ទរបស់ជនរងគ្រោះ ០១ក្បាល។

ជនសង្ស័យបានឆ្លើយសារភាពថា ឈ្មោះ ASIA ភេទប្រុស ជនជាតិ វ៉េណេស៊ុយអេទ្បា រស់នៅក្រៅប្រទេស បានទំនាក់ទំនងទៅជនរងគ្រោះតាមរយៈហ្វេសប៊ុក និងសុំលេខពីជនរងគ្រោះថាខ្លួនចង់ផ្ញើអីវ៉ាន់ ឬប្រាក់ជាច្រើន ទៅប្រទេសកម្ពុជា ដោយឲ្យជនរងគ្រោះជាអ្នកទទួលអីវ៉ាន់ ឬប្រាក់បញ្ញើនោះ ។ បន្ទាប់មកឈ្មោះ ASIA បានផ្ញើលេខទូរសព្ទ័របស់ជនរងគ្រោះឲ្យទៅឈ្មោះ N’ CHO MARCEL ហើយឲ្យស្រ្តីម្នាក់ដើរតួជា គយ បង្គាប់ឲ្យជនរងគ្រោះផ្ញើប្រាក់បង់ពន្ធដើម្បីយកទំនិញនោះចេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។