ព័ត៌មានជាតិ

យុវជនមកពីគ្រួសារក្រីក្រ៖ ឱកាសសិក្សាជំនាញបច្ចេកទេសជាង២០០០កន្លែងពីវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែនខេត្តកណ្តាលដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមពីរដ្ឋ

(កណ្ដាល) ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ខេត្តកណ្តាលនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នេះ ប្រកាសផ្តល់ការសិក្សាជំនាញបច្ចេកទេសជាង២០០០កន្លែងលើជំនាញសំខាន់ៗចំនួន១២មុខដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល អាហារូបករណ៍សំខាន់ៗដែលវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន បើកឱ្យសិក្សារួមមានជំនាញសិក្សាផ្នែកការងារកំបោរ (សំណង់) ចំនួន ៣០០នាក់, ការដំឡើងបណ្តាញបំពង់ទឹកចំនួន ១៥០នាក់, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារចំនួន ៣០០នាក់, ការផ្សារអគ្គិសនីចំនួន ១៥០នាក់, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្តចំនួន ១៥០នាក់, ការថែទាំ និងជួសជុលអគ្គិសនីរថយន្តចំនួន១៥០នាក់, ការថែទាំ និងជួសជុលរថយន្តចំនួន ១៥០ នាក់, សេវាកម្មកុំព្យូទ័រចំនួន ១៥០នាក់, សេវាកម្មបរិក្ឋារត្រជាក់ក្នុងគេហដ្ឋានចំនួន ១៥០នាក់, ការងារគេហកិច្ចចំនួន ១៥០នាក់, ការចិញ្ចឹម និងថែទាំត្រីប្រាចំនួន ១៥០នាក់ និងការកែច្នៃបន្លែ និងផ្លែឈើចំនួន ១៥០នាក់ ។

បេក្ខជនដែលអាចសិក្សាបាន និងទទួលបានថវិកាឧបត្ថមចំនួន២៨ម៉ឺនរៀល ត្រូវមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ មានបណ្ណសមធម៌ (ក្រីក្រ ១-២) និងបណ្ណគ្រួសារងាយរងហានិភ័យ ហើយត្រូវភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬសំបុត្រកំណើត។ ចំពោះម៉ោងសិក្សា បេក្ខជនទាំងអស់អាចសិក្សាចំនួន៣វេន គឺវេនថ្ងៃចន្ទ-សុក្រ (ព្រឹក-ល្ងាច) រយៈពេល ៤ខែ និង វេនថ្ងៃសៅរ៍-អាទិត្យ រយៈពេល១០ខែ ហើយដោយឡែកវេនយប់ត្រូវសិក្សាចំនួន៨ខែ។

បើតាមសេចក្តីប្រកាសរបស់វិទ្យាស្ថានដដែល ក្រៅពីសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សិក្ខាកាមនឹងអាចចុះកម្មសិក្សាហាត់ការតាមបណ្តាក្រុហ៊ុនឯកជន សហគ្រាសដែលជាឱកាសការងារខ្ពស់។

គូរបញ្ជាក់ផងដែរថា ការប្រកាសផ្តល់អាហារូបករណ៍ពីវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែនខេត្តកណ្តាលនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកាកន្លងទៅនេះ បានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមលពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។