ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចចុះបង្ក្រាប ទីតាំងម៉ាស្សា​ និងកោសជប់មួយកន្លែងយីហោ456​ ដែលលួចបេីកសេវាកម្មផ្លូវភេទ​!​

(ភ្នំពេញ)​ ៖​ ទីតាំងម៉ាស្សា​ និងកោសជប់មួយកន្លែងយីហោ456​ ដែលលួចបេីកសេវាកម្មផ្លូវភេទ​ ត្រូវបានកម្លាំង​នគរបាលជំនាញ​ប្រឆាំងការជួញដូរមនុស្ស​ និងការពារអនីតិជន​ នៃអគ្គស្នងការនគរបាលជាតិ​ ធ្វេីការឆ្មក់​បង្រ្កាបដោយឃាត់មនុស្ស០៥នាក់និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន​ ។ 

    ក្នុងប្រតិបត្តិការ​ខាងលេីនេះ​ បានធ្វេីឡេីងកាលពីវេលា​ម៉ោង​៨យប់​ថ្ងៃសុក្រ​ ទី​២៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ ស្ថិត​នៅក្បែរស្តុបក្បាលថ្នល់​ តាម​បណ្ដោយ​ផ្លូវ​២៧១​ សង្កាត់​ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

​     តាមប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបទីតាំងម៉ាស្សា​ កោសជប់​ ខាងលេីបានឱ្យដឹងថា​ ទីតាំងនេះត្រូវបានកម្លាំងនគរបាលជំនាញបេីកស្រាវជ្រាវ​ជាច្រេីនថ្ងៃមកហេីយ​ ទេីបដឹងច្បាស់ថា​ មានលួចទទួលបំរេីសេវាកម្មផ្លូវភេទ​ ក៏រាយការណ៍ទៅថ្នាក់លេី​សុំគោលការណ៍​ដាក់កម្លាំងចុះបង្ក្រាបតែម្ដង​ ដោយឃាត់មនុស្សស្រី០៥នាក់​ ក្នុងនោះមានមេការម្នាក់​ និងដកហូតវត្ថុតាងដែលពាក់ព័ន្ធបានមួយចំនួនផងដែរ​ ។ 

​     ក្រោយពីបញ្ចប់ប្រតិបត្តិការនេះរួច​ ទីតាំងខាងលេីត្រូវបានបិទជាបណ្ដោះអាសន្ន​ ។ រីឯមនុស្សស្រីចំនួន០៥នាក់​ រួមនិងវត្ថុតាង​ ត្រូវបានកម្លាំងនគរបាលជំនាញដឹកបញ្ចូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស​ និងការពារអនីតិជន​ នៃអគ្គស្នងការនគរបាលជាតិ​ ដេីម្បីរង់ចាំអនុវត្តបន្តតាមនីតិវិធី​ ៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។