ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមពិធីសម្ភោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តមហាពោធិ៍មង្គល ហៅវត្តពោធិ៍ទង នៅក្នុងភូមិពោធិ៍ទង ឃុំកញ្ជៀច ស្រុកកញ្ជៀច

(ព្រៃវែង) នាព្រឹកថ្ងៃទី២០  ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីសម្ភោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តមហាពោធិ៍មង្គល ហៅវត្តពោធិ៍ទង នៅក្នុងភូមិពោធិ៍ទង ឃុំកញ្ជៀច ស្រុកកញ្ជៀច ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីថ្នាក់ដឹកនាំចុះជួយមូលដ្ឋានខេត្ត ស្រុក ឃុំ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ អភិបាលរងខេត្ត កងកម្លាំងទាំងបី លោកប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី លោកតា លោកយាយ ពុកម៉ែ មាមីងបងប្អូនប្រជាពលរដ្ឋស្រុកកញ្ជៀច សរុបជិត ៣០០០នាក់ ផងដែរ។

តាងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងខ្លួនខ្ញុំផ្ទាល់ ឯកឧត្តមអភិបាលខេត្ត សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចក្រឡាហោម និងគណៈប្រតិភូអមដំណើរទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម ក្នុងពិធី សម្ភោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍន៍វិស័យពុទ្ធចក្រនៅខេត្តព្រៃវែង ជាពិសេស នៅវត្តពោធិ៍ទង ក្នុងមូលដ្ឋាននៃស្រុកកព្ជៀច ប្រកបដោយផ្លែផ្កាជាទីមោទនៈ នាពេលនេះ។

ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម សូមអំពាវនាវដល់បងប្អូនពុទ្ធបរិស័ទទាំងអស់ បន្តចូលរួមថែរក្សាសមិទ្ធផលទាំងអស់នេះ និងចូលរួមគោរពគាំទ្រ ព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើនបន្ថែមទៀត និងសូមចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ២០២៣ (ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣) ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សណាដែលនាំមកនៅសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពិតប្រាកដ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង តាងនាមថ្នាក់ដឹកនាំខេត្ត សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សាសម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកតា លោកយាយ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋស្រុកកញ្ជៀចនៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ​ និងជ័យជំនះ​គ្រប់ភារកិច្ច​។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។