ព័ត៌មានជាតិ

រដ្ឋមន្ដ្រីកសិកម្ម អញ្ជើញចុះពិនិត្យសក្តានុពលសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ

(កំពង់ធំ) ៖ នៅរសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណប្រតិភូចុះធ្វើទស្សនកិច្ចស្វែងយល់ពីសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ក្នុងខេត្តកំពង់ធំ ដែលកំពុងគ្រោងពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីដល់៥ពាន់តោននៅឆ្នាំក្រោយ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយតំណាងសិប្បកម្ម បុគ្គលិក និងកម្មករដែលកំពុងបម្រើការងារនៅទីនោះប្រមាណ៥០រូប ព្រមទាំងពិនិត្យមើលខ្សែច្រវាក់កែច្នៃគ្រាប់ស្វាយចន្ទីរបស់សិប្បកម្មចាប់ពីដំណាក់កាលស្ងោរ បកសម្បក សម្អាត និងវិចខ្ចប់។ ខ្សែច្រវាក់ផលិតនេះ បានផ្លាស់ប្តូរពីឧបករណ៍ពាក់កណ្តាលស្វ័យប្រវត្តិខ្នាតតូច ទៅជាម៉ាស៊ីនស្វ័យប្រវត្តិខ្នាតធំ ដែលមានសមត្ថភាពកែច្នៃកាន់តែធំ និងឆាប់រហ័ស។

យ៉ាងនេះក្តី ទន្ទឹមនឹងការដាក់ចេញផែនការបង្កើនការប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ពីប្រជាសហគមន៍ឱ្យបានដល់ ៥ ០០០តោន នៅឆ្នាំ២០២៤ ដើម្បីកែច្នៃ និងចែកចាយលក់លើទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ម្ចាស់សិប្បកម្មកំពុងត្រៀមរៀបចំពង្រីករោងសិប្បកម្មដែលមានសមត្ថភាពកែច្នៃកាន់តែខ្ពស់បន្ថែមទៀត នៅឆ្នាំ២០២៣នេះ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុនដៃគូ។

ពាក់ព័ន្ធនឹងកិច្ចការនេះ ឯកឧត្តមរដ្ឋមន្រ្តី ណែនាំឱ្យម្ចាស់សិប្បកម្មរិះរកមធ្យោបាយបង្កើនតម្លៃទីផ្សារគ្រាប់ស្វាយចន្ទីដែលខូចខាតទ្រង់ទ្រាយ បន្ទាប់ពីឆ្លងកាត់ម៉ាស៊ីនបក ដែលមានប្រមាណ២០ភាគរយ និងកែខៃម៉ាស៊ីន ឬសាកល្បងប្រើប្រាស់ឧបករណ៍បកណា ដែលអាចកាត់បន្ថយអត្រាខូចនេះ ឱ្យមានកម្រិតមួយទាប ដើម្បីបង្កើនប្រាក់ចំណេញបន្ថែមទៀត។

បន្ថែមពីលើនេះ ឯកឧត្តម ឌិត ទីណា ក៏បានពិនិត្យឃើញថា ម្ចាស់សិប្បកម្មក៏បានទទួលបានផលចំណេញមួយផ្នែកពីគោលនយោបាយបញ្ចុះថ្លៃអគ្គិសនីសម្រាប់របរកសិកម្មពី ៧៥០រៀល ក្នុង១គីឡូវ៉ាត់ មកនៅត្រឹមតម្លៃ ៤៨០រៀលក្នុង១គីឡូវ៉ាត់ សម្រាប់ការប្រើប្រាស់ពេលយប់។ ទន្ទឹមគ្នានោះដែរ ឯកឧត្តមក៏បានណែនាំឱ្យមន្រ្តីជំនាញសិក្សាពីការលទ្ធភាពបង្កើតសហគមន៍កសិកម្មដំណាំស្វាយចន្ទី ក៏ដូចជាដំណាំម្រេច និងស្រូវ ដោយការគៀគរទុនវិនិយោគ ការចងក្រងសហគមន៍ផលិត និងស្វែងរកទីផ្សារលក់ផលិតផលដំណាំសក្តានុពលរបស់ប្រទេសកម្ពុជា ទាំងនេះផងដែរ។

គួររំឭកផងដែរថា រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកដើម្បីបម្រើដល់ការនាំចេញទៅក្រៅប្រទេស ដោយសម្ដេចគូសបញ្ជាក់ថា កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីច្រើនជាងគេបំផុតក្នុងពិភពលោក ជាមួយចំនួន១លាន១សែន៨ម៉ឺនតោនក្នុងឆ្នាំ២០២១ ដោយនាំមុខប្រទេសកូតឌឺវ័រ ដែលផលិតបាន១លាន១សែនតោន និងប្រទេសឥណ្ឌាផលិតបានន៨សែនតោន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។