ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ) ៖ នៅវិមាន៧មករា រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Georege Yeo អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីរីករាយដែលបានជួបជាមួយ ឯកឧត្តម Georege Yeo នៅកម្ពុជា។ សម្ដេចតេជោ បានចូលរួមអបអរសាទរ ចំពោះការផ្សព្វផ្សាយសៀវភៅ របស់ឯកឧត្តម ហើយសម្ដេចបានចាត់ទុកការរៀបចំសៀវភៅសម្រាប់អ្នកជំនាន់ក្រោយនេះ ជាការល្អប្រសើរណាស់។

សម្ដេចតេជោ ក៏បានរៀបរាប់អំពីការរៀបចំគ្រប់បែបយ៉ាងសម្រាប់អ្នកជំនាន់ក្រោយ ជាពិសេស សម្ដេចតេជោ បានជម្រាបថា នៅពេលដែល ឯកឧត្តម បានអញ្ជើញមកដល់ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបានឃើញពីការរៀបចំទីស្នាក់ការកណ្ដាល ហើយក៏មានការរៀបចំសាខាគណបក្ស នៅតាមបណ្ដារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ-សង្កាត់ ដែលនេះជាការរៀបចំទុកយូរអង្វែង។

ឯកឧត្តម Georege Yeo មានប្រសាសន៍ដោយសេចក្ដីរីករាយ ដែលបានជួប សម្ដេចតេជោ ម្ដងទៀត ដោយ សម្ដេច បានផ្ដល់ឱកាស ផ្ដល់ពេលវេលាឱ្យឯកឧត្តម បានជួបសំណេះសំណាលដោយផ្ទាល់នៅពេលនេះ។ ឯកឧត្តម Georege Yeo បានមានប្រសាសន៍បន្តថា ឯកឧត្តម បានចូលនិវត្តន៍ពីការងារហើយ ហើយបានមកកម្ពុជាម្ដងទៀតនេះ បន្ទាប់ពីបានធ្លាប់មកកាន់ព្រះរាជាណាចក្រកម្ពុជាម្ដង កាលពីឆ្នាំ១៩៩៩ ដែលកាលនោះ ឯកឧត្តម ចម ប្រសិទ្ធ ជាអ្នកជូនដំណើរ ឯកឧត្តមទៅលេងខេត្តសៀមរាប ហើយការមក ទស្សនកិច្ចនៅកម្ពុជាលើកនេះ ឯកឧត្តមក៏បានទៅកំសាន្តនៅខេត្តសៀមរាបផងដែរ ដោយបានឃើញព្រះអាទិត្យរៀបលិច មានពណ៌មាស ស្រស់ស្អាតណាស់លើប្រាសាទអង្គរវត្ត។ ឯកឧត្តមបានលើកឡើងទៀតថា រាជធានីភ្នំពេញ ក៏រៀបចំបានល្អ មានប្រជាជនធ្វើចរាចរច្រើន មានអាគារថ្មីៗ ខ្ពស់ៗ ហើយប្រជាជនរស់នៅប្រកបដោយស្មារតីរីករាយ ក្រោមការអភិវឌ្ឍន៍ប្រកបដោយសុខសន្តិភាព។

ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច សម្ដេចតេជោមានប្រសាសន៍ថា មានបញ្ហាពីរដែលកម្ពុជាកំពុងបន្តយកចិត្តទុកដាក់ ៖
ទី១) បញ្ហាសន្តិសុខស្បៀង
ទី២) បញ្ហាសន្តិសុខថាមពល។
ពាក់ព័ន្ធបញ្ហាសន្តិសុខស្បៀង គឺយើងបានប្រែក្លាយជាប្រទេសផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ខ្លួនឯង សម្រាប់បរិភោគ និងទៅជាប្រទេសដែលនៅសល់ស្បៀងសម្រាប់ការនាំចេញមួយចំនួន។ ពាក់ព័ន្ធនឹងសន្តិសុខថាមពល ទោះបីជាយើងមិនមែនជាប្រទេសផលិតប្រេង ប៉ុន្តែយើងនៅគ្រប់គ្រងបាន ដោយគិតមកដល់ពេលនេះ យើងបានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណ ៦២% ហើយយើងបានឈប់ផលិតថាមពលពីធ្យូងថ្ម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។