ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យបរិស្ថានកម្ពុជាសម្រេចបានសមិទ្ធិផលធំៗជាច្រើន ធ្វើអោយសហគមន៍អន្តរជាតិទទួលស្គាល់ថា «កម្ពុជាគឺជាជើងឯកមួយនៅក្នុងវិស័យនេះ»

(ភ្នំពេញ) ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិសំខាន់ៗ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ជីវចម្រុះ និងការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម។ សម្ដេចថា កម្ពុជាអនុវត្តបានល្អប្រសើរ នូវបេសកកម្មដឹកនាំកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដែលជាមូលដ្ឋានធម្មជាតិក្នុងការធានាបាននូវសន្តិសុខស្បៀង សន្តិសុខទឹក សន្តិសុខថាមពល ការទ្រទ្រង់ជីវភាពប្រជាជនរយៈពេលវែង និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព ការគ្រប់គ្រងសំណល់រឹងរាវនៅទីប្រជុំជន យុទ្ធនាការលុបបំបាត់សំណល់ប្លាស្ទិក និងការកែច្នៃសំណល់ទីប្រជុំជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គំនិតផ្តួចផ្តើមស្ដីពីកិច្ចព្រមព្រៀងបៃតងរបស់កម្ពុជា ដើម្បីតម្រង់ទិសអាស៊ានឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍បៃតងនិងចីរភាព និងការអនុវត្តគោលនយោបាយការទូតបៃតងឥណទានកាបូន នឹងលើកកម្ពស់ហិរញ្ញប្បទានបៃតង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។