ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី ឌិត ទីណា អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា

(ភ្នំពេញ) ៖នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Nurmi Pangest តំណាង IRRI ប្រចាំនៅព្រះរាជាណាក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គោលបំណងនៃជំនួបនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងក្រសួងកសិកម្ម លើវិស័យស្រូវអង្ករ និងប្រព័ន្ធកសិ-ស្បៀងអាហារ ដោយផ្ដោតលើដំណាំស្រូវជាមូលដ្ឋាននៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ គាំទ្របន្តកិច្ចសហការទៅមុខទៀត ដើម្បីធានានូវប្រសិទ្ធភាពខ្ពស់ចំពោះប្រព័ន្ធកសិ-សន្តិសុខស្បៀងលើវិស័យស្រូវអង្ករនេះ។

សូមជម្រាបថា វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានទំនាក់ទំនងភាពជាដៃគូយូរអង្វែង ក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ និងលើកកម្ពស់វិស័យស្រូវអង្កររបស់កម្ពុជា។ នៅឆ្នាំ ១៩៩៦ បន្ទាប់ពីធ្វើការក្នុងភាពជាដៃគូរយៈពេល ៣០ឆ្នាំមក ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងចុងក្រោយក្នុងការពង្រឹងវិស័យស្រូវអង្កររបស់ប្រទេសកម្ពុជា តាមរយៈកម្មវិធីស្រាវជ្រាវនិងបណ្តុះបណ្តាលឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ហើយបាននាំយកនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរទៅកាន់កម្រិតថ្មីមួយទៀត ក្នុងគោលដៅជំរុញកម្ពុជាឱ្យក្លាយទៅជាប្រទេសនាំចេញអង្ករដ៏សំខាន់នៅក្នុងពិភពលោក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។