ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១១ឆ្នាំ

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃ ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ យ៉ាងច្រើនកុះករ។

បន្ទាប់ពីកម្មវិធីបង្សុកូល ឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដើម្បីតបស្នងព្រះករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តមវិសេសវិសាល របស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជជាតិ បូរណភាពទឹកដី ផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ត្រូវបានប្រជារាស្ត្រខ្មែរទូទាំងប្រទេស ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលនាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជារហូតដល់ពេលបច្ចុប្បន្ននេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។