ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា និងសហការី ដឹកនាំមន្ដ្រីរាជការ និងពុទ្ធបរិស័ទ ជិតឆ្ងាយ ដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃនៅវត្តនាគនិគ្រោធារាម ស្ថិតនៅ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន

(កំពង់ចាម) ÷នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន ពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តនាគនិគ្រោធារាម បានដង្ហែរអង្គកឋិនសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តនាគនិគ្រោធារាម នៅភូមិ ផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន។

 

មានប្រសាសន៍សំណេះសំណាលកាន់ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ថា ការប្រារព្ធពិធីបុណ្យផ្សេងៗ ជាពិសេស ការប្រារព្ធអង្គកឋិនទាននាថ្ងៃនេះ អាចប្រព្រឹត្តទៅបាន ក៏អាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរណ៍ ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាការពិតណាស់ កត្តាសុខសន្តិភាព ជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសពេញលេញ ក្នុងការបំពេញកុសលផលបុណ្យ ទៅតាមជំនឿសាសនា ដែលជាផ្នែកមួយ ក្នុងការចូលរួមចំណែកលើការអភិវឌ្ឍ ជាមួយរាជរដ្ឋាភិបាល ឲ្យមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យផ្នែកពុទ្ធចក្រ និងអាណាចក្រ។

គូរបញ្ជាក់ថា៖ អង្គកឋិនសាមគ្គីនេះ ផ្តួចផ្តើមឡើងដោយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ផាន់ មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស រួមជាមួយថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តវត្តនាគនិគ្រោធារាម ដែលបានមូលមតិគ្នា ជាឯកច្ឆ័ន្ទផ្តើមធ្វើអង្គកឋិនទាន និងវេរប្រគេនបច្ច័យ ចំនួន

៥៥.៥០០.០០០រៀល ដើម្បីផ្សាភ្ជាប់វិស័យអាណាចក្រ ជាមួយផ្នែកពុទ្ធចក្រ រួមចំណែកកសាងសមិទ្ធផលនានា នៅក្នុងវត្តនាគនិគ្រោធារាម ស្រុកកោះសូទិន ដែលជាលើកកម្ពស់ដល់វិស័យព្រះសាសនា ឱ្យមានការរីកចម្រើន ផងដែរ៕ (រស្មីនគរ)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។