ព័ត៌មានជាតិ

អភិបាលខេត្ត​កំពង់ចាម ក្រើនរំលឹក​ឲ្យ​ស្ត្រី​ទាំងអស់​ខិតខំ​ថែរក្សា​សុខសន្តិភាព ដើម្បី​ការអភិវឌ្ឍន៍ និង​ចីរភាព​សិទ្ធិ​របស់​នារី

នៅក្នុង​ឱកាស​ប្រារព្វ​ពិធី​អបអ​សាទរ​ខួប​លើក​ទី ១១១ ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ ២០២២ នៅ​សាលាខេត្ត​កំពង់ចាម នា​ថ្ងៃទី​៤ ខែ មីនាឆ្នាំ ២០២២

​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែង​ក្រើនរំលឹក​ឲ្យ​ស្ត្រី​ទាំងអស់​ខិតខំ​ថែរក្សា​សុខសន្តិភាព ដើម្បី​ការអភិវឌ្ឍន៍ និង​ចីរភាព​សិទ្ធិ​របស់​នារី ។​

​ ឯកឧត្តម​អភិបាលខេត្ត​បាន​ឲ្យ​ដឹងថា ការឆ្លងកាត់​ពីមួយ​ជំនាន់ ទៅមួយ​ជំនាន់ រហូតមកដល់​បច្ចុប្បន្ន ដោយសារតែ​ប្រជាជាតិ​យើង​មាន​សុខសន្តិភាព ទើប រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​អនុវត្ត ដើម្បី​លើកកម្ពស់​ដល់​ស្ត្រីភេទ ដូច្នេះ​ស្ត្រីភេទ​ត្រូវ​យល់ដឹង​អំពី​ការប្រើប្រាស់​សិទ្ធិ​របស់ខ្លួន ព្រមទាំង​មានការ​លើកកម្ពស់​ដោយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​ផងដែរ ។

ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់ថា ដើម្បី​ទទួលបាន​ការគាំទ្រ លើ​កម្ពស់​ថែរក្សា​សិទ្ធិ​របស់​ស្ត្រី​ឲ្យ​បានយូរ​អង្វែង តទៅទៀត គឺ​ចាំបាច់​ស្ត្រី​យើង ត្រូវតែ​ខិតខំ​ចូលរួម​ការពារ​សុខសន្តិភាព​ដែល​កំពុង​តែមាន​ស្រាប់ ពោលគឺ មាន​សន្តិភាព​គឺមាន​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​ទៅមុខទៀត​។ ផ្ទុយ ទៅវិញ​ប្រសិនបើ​ប្រទេសជាតិ​មាន​សង្គ្រាម គ្មាន​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ទេ​។

ឯកឧត្តម​អភិបាលខេត្ត បាន​ផ្ដាំផ្ញើ​ដល់​ស្ត្រី​គ្រប់​ក្រុមគ្រួសារ​ទាំងអស់ ដែល​បាន​នៅជាប់​ជាមួយនឹង​បុត្រាបុត្រី ធ្វើយ៉ាងណា​ជួយផ្ដល់​ដំបូន្មាន អប់រំ​កូន​ឲ្យ​បានល្អ ក្នុងនោះ​កុំឱ្យ​មាន​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​គ្រឿងញៀន និង​អំពើ​ផ្សេងទៀត​ដែល​សង្គម​ស្អប់ខ្ពើម និង​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺ​បើកបរ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ផងដែរ ដើម្បី​ការពារ កុំ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ និង​អាយុជីវិត​របស់ខ្លួន​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។