ព័ត៌មានជាតិ

ជនជាតិកូរ៉េខាងត្បូងម្នាក់ត្រូវបណ្តេញចេញ និងហាមមិនឱ្យចូលទឹកដីកម្ពុជា បន្ទាប់ពីប្រឌិតព័ត៌មានពីគ្រួសារថា ខ្លួនត្រូវបានចាប់បង្ខាំងដោយខុសច្បាប់ និងធ្វើទារុណកម្មនៅកន្លែងធ្វើការក្នុងក្រុងសំពៅពូន

(ភ្នំពេញ) ៖ ក្រុមប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលប្រចាំបញ្ហា អគ្គស្នងការដ្ឋាននគរបាលជាតិ១១៧ បានទទួលសំណើសុំអន្តរាគមន៍ពីក្រុមគ្រួសារយុវជនកូរ៉េខាងត្បូង មួយរូបឈ្មោះ CHOI TAEWON កាន់លិខិតឆ្លងដែនលេខ M47223117 ដោយបានអះអាងថា ត្រូវបានបង្ខាំងនៅទីតាំងមួយកន្លែងក្នុងភូមិសាស្ត្រខេត្តកណ្តាល។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១៤នេះ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះស្វែងរក បុគ្គលខាងលើតាមព័ត៌មានដែលផ្តល់ដោយក្រុមគ្រួសារ និងបានរកឃើញកំពុងស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែង ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាលដោយពុំមានសញ្ញាណរងគ្រោះដោយអំពើបង្ខាំង ឬរងនូវទារុណកម្មណាមួយនោះឡើយ។

ជាមួយតាមការបំភ្លឺ CHOI TAEWON មានគោលបំណងមកកម្ពុជា ដើម្បីស្វែងរកការងារធ្វើ ដែលទទួលបានប្រាក់ខែខ្ពស់ ហើយក៏ទទួលបានការងារនៅទីតាំងខាងលើ រួមជាមួយកន្លែងស្នាក់នៅសមរម្យ អាហារគ្រប់គ្រាន់ និងមានសេរីភាពដើរហើរពេញលេញជាធម្មតា។ ចំពោះមូលហេតុដែលនាំឱ្យគ្រួសារស្នើសុំអន្តរាគមន៍មកមជ្ឈមណ្ឌលប្រចាំបញ្ហារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គឺមកពីរូបគេមិនបានទំនាក់ទំនងជាមួយគ្រួសារ ក្នុងអំឡុងពេលស្នាក់នៅនិងធ្វើការ ម្យ៉ាងករណីស្នើសុំអន្តរាគមន៍ពីសំណាក់គ្រួសារនេះ រូបគេក៏មិនបានដឹងផងដែរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្អែកតាមការពិនិត្យស្រាវជ្រាវ និងព័ត៌មានដែលទទួលបានករណីនេះពុំមានសញ្ញាណនៃការបង្ខាំងមនុស្សដោយខុសច្បាប់ ឬធ្វើទារុណកម្ម ដូចអ្វីដែលម្ដាយរបស់សាមីខ្លួន បានផ្ដល់ព័ត៌មានដល់សមត្ថកិច្ចដើម្បីស្នើសុំជួយអន្តរាគមន៍នោះទេ ផ្ទុយទៅវិញសាមីខ្លួនក៏នៅមានការលាក់បាំងមិនសហការជាមួយសមត្ថកិច្ចក្នុងការផ្ដល់ព័ត៌មានលម្អិតអំពីដំណើរមកដល់កម្ពុជា ការស្វែងរកការងារធ្វើ និងមូលហេតុនៃការផ្តល់ព័ត៌មានអំពីទីកន្លែងដែលខ្លួនធ្វើការទៅក្រុមគ្រួសារ រហូតឈានដល់បង្កើតឱ្យមានសំណើសុំអន្តរាគមន៍ពីសំណាក់គ្រួសារដោយពុំត្រឹមត្រូវ និងប្រើប្រាស់ព័ត៌មានប្រឌិត បង្កឱ្យមានការភ័ន្តច្រឡំពីមតិសាធារណជនជាតិ និងអន្តរជាតិ»។

ករណីនេះ CHOI TAEWON នឹងត្រូវបញ្ជួនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទបណ្ដេញពីព្រះរាជាណាចក្រកម្ពុជា និងហាមមិនឱ្យចូលសាជាថ្មីម្ដងទៀត៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *