ព័ត៌មានជាតិ

ឯកឧត្តម អ៊ុនចាន់ដា ប្រកាសតែងតាំង លោក ទុន ណេត ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់សៀម

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញប្រកាសតែងតាំង លោក ទុន ណេត ជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់សៀម ជំនួសលោក ប៊ិន ឡាដា ដែលត្រូវទទួលជាប្រធានគណៈកម្មាធិការគណបក្សស្រុកស្រីសន្ធរ ដែលពិធីនេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សស្រុកកំពង់សៀម ដោយមានការចូលរួមពីគណៈអចិន្ត្រៃយ៍គណបក្សខេត្ត គណៈអចិន្ត្រៃយ៍គណបក្សស្រុក/ឃុំ និងសមាជិក សមាជិកាជាច្រើនរូបទៀត ។

បន្ទាប់ពីទទួលការតែងតាំងថ្មី លោក ទុន ណេត បានឡើងធ្វើការប្តេជ្ញាចិត្ត និងបានថ្លែងអំណរគុណចំពោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ជាពិសេស សម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់នូវជំនឿទុកចិត្តលើរូបលោក ឱ្យទទួលមុខតំណែងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម ហើយលោកក៏បានធ្វើ ការប្តេជ្ញាខិតខំប្រមូលផ្តុំកម្លាំងគណបក្សគ្រប់ស្ថាប័ន ដើម្បីជំរុញការស្តារ កសាង ស្ថាបនា ហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ឱ្យមានការរីកចម្រើនបន្ថែមទៀត ដើម្បីចូលរួម កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាជំហានៗ ស្របតាមគោលនយោបាយរបស់ គណបក្សប្រជា ជនកម្ពុជា និងរាជរដ្ឋាភិបាល អាណត្តិទី៧ នេះផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បាន ណែនាំដល់អាជ្ញាធរស្រុកកំពង់សៀម ជាពិសេសលោក ទុន ណេត ដែលទើបទទួលភារកិច្ចថ្មីនេះ ត្រូវយកចិតទុកដាក់ខ្ពល់ លើផ្នែកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អ ពិសេសគឺបន្តរួមគ្នា អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បន្តអនុវត្តអប់រំផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោក ការលប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀន និងអំពើអនាចារ ឱ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់ ។

ជាមួយគ្នានោះ ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានជំរុញឱ្យបន្តការលើកកម្ពស់ការផ្តល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយគណនេយ្យភាព តម្លាភាព គ្មានអំពើរពុករលួយ រួមទាំង រហ័សទាន់ចិត ដើម្បីបង្កើនការជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសពីបាតដៃទទេ រហូតមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនឥតឈប់ឈរ និងនាំឲ្យកម្ពុជា ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *