(ព្រៃវែង) ៖ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តព្រៃវែង សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលត្រូវបាន សភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព (IPTP) នៃក្រុមប្រឹក្សាសកលដើម្បីការអត់ឱន និងសន្តិភាព (GCTP) ប្រគល់ «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី» នាឱកាសដ៏មហានក្ខត្តឫក្ស នៃសម័យប្រជុំពេញអង្គលើកទី១១ របស់ IPTP ដែលប្រព្រឹត្តទៅពីថ្ងៃទី ២៣-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
ការផ្តល់ជូនពានរង្វាន់ដ៏លេចធ្លោដំបូងគេមិនធ្លាប់មានរបស់ IPTP/GCTP នេះ គឺជាការទទួលស្គាល់ជាសកលនូវការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរ ដោយមិនខ្លាចនឿយហត់របស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងវិបុលភាពពេញលេញ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
មេរៀនដ៏មានតម្លៃមិនអាចកាត់ថ្លៃបានទាំងនេះ បានបង្ហាញឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំកម្ពុជាពោរពេញដោយសមត្ថភាព ឱ្យក្លាយជាមជ្ឈមណ្ឌលសន្តិភាពនៃទន្លេមេគង្គ និងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈភាពជាមេដឹកនាំ ប្រាកដនិយមរបស់សម្តេច និងអនុវត្តជាក់ស្ដែងប្រកបដោយសុភវិនិច្ឆយ ដែលបានសាបព្រោះនូវស្មារតីតម្លៃនៃមនុស្សជាតិ និងប្រជាធិបតេយ្យបែបពុទ្ធសាសនា ដោយការសន្ដោស មេត្តា និងគោរព ក្រោមទម្រង់ក្នុង ការកសាងសន្តិភាព និងផ្សះផ្សារជាតិ។
យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមជួយអភិបាលគ្រងរក្សាប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ គ្រប់ប្រការជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានសមប្រកប ជួបប្រទះតែព្រះពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។