(ភ្នំពេញ) ៖ មន្ត្រីនគរបាលប្រចាំបញ្ជាអគ្គស្នងការដ្ឋាននគរបាលជាតិម្នាក់ មានអាការៈមិនស្រួលខ្លួនក៏បានទៅរកគ្រូពេទ្យបង្អែកខណ្ឌដង្កោឲ្យជួយពិនិត្យនិងព្យាបាល ខណៈនោះគ្រូពេទ្យបានប្រាប់ថា គាត់ខ្វះឈាមច្រើន ដោយកម្រិតឈាមរបស់គាត់បានត្រឹមតែ៦ប៉ុណ្ណោះ ។ បន្ទាប់មកគ្រូពេទ្យបានប្រាប់ឲ្យគាត់ទៅកាន់មន្ទីរពេទ្យរុស្ស៊ីដើម្បីឲ្យគ្រូពេទ្យជំនាញព្យាបាល ប៉ុន្តែគាត់បែរជាហៅម៉ូតូកង់បីជិះត្រលប់ទៅផ្ទះវិញ លុះពេលទៅដល់ផ្ទះ ស្រាប់តែថប់ដង្ហើមស្លាប់តែម្ដង ។
ហេតុការណ៍ខាងលើនោះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចជិតស្តុបផ្សារចំការដូង ស្ថិតនៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលដែលស្លាប់ខាងលើនេះឈ្មោះព្រំ សុគន្ធ អាយុ៥៥ឆ្នាំ មានឋានន្តរស័ក្ដិវរសនីយ៍ទោ មានទីលំនៅចំណុចកើតហេតុខាងលើ ។
ក្រុមគ្រួសារសាច់ញាតិបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មន្រ្តីនគរបាលខាងលើមានអាការៈមិនសូវស្រួលខ្លួន ហើយគាត់បានទៅកាន់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ដើម្បីឲ្យគ្រូពេទ្យជួយពិនិត្យសុខភាព និងព្យាបាល ។ ពេលទៅដល់គ្រូពេទ្យធ្វើការពិនិត្យនិងវាស់សម្ពាធឈាម ហើយបានឃើញថាកម្រិតឈាមរបស់គាត់ខ្វះច្រើនគឺបានត្រឹមតែ៦ប៉ុណ្ណោះ ។ ទើបគ្រូពេទ្យប្រាប់ឲ្យគាត់ប្រញាប់ទៅកាន់មន្ទីរពេទ្យរុស្ស៊ីដើម្បីឲ្យគ្រូពេទ្យជំនាញជួយព្យាបាលឲ្យឈាមបានគ្រប់និងមានសុខភាពល្អប្រសើឡើងវិញ ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនោះគាត់មិនបានទៅកាន់ពេទ្យរុស្ស៊ីតាមការណែនាំរបស់គ្រូពេទ្យបង្អែកឡើយ បែជាហៅម៉ូតូកង់៣ជិះត្រឡប់ទៅផ្ទះរបស់គាត់វិញ ។ លុះពេលទៅដល់ផ្ទះចុះពីលើម៉ូតូកង់៣ ចូលទៅអង្គុយក្នុងផ្ទះបានប្រហែលជាង៥នាទីប៉ុណ្ណោះ ក៏ស្រាប់តែថប់ដង្ហើមមានអាការៈមិនស្រួលកាន់តែខ្លាំងឡើង ។ ខណៈនោះកូនចៅបានស្វះស្វែងរករថយន្ត ដើម្បីដឹកទៅកាន់មន្ទីរពេទ្យដែរ ប៉ុន្តែគាត់ក៏បានស្លាប់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ដង្កោ និងកម្លាំងនគរបាលខណ្ឌដង្កោ បានចុះទៅធ្វើការសាកសួរ និងធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕សហការី