(កំពង់ចាម) ៖ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ២០២៥-២០២៩ និងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹង និងពង្រីកផលិតភាពកសិកម្មទាំងបរិមាណ និងគុណភាព ដោយយកចិត្តទុកដាក់លើការស្តារ ការកសាង ការជួសជុល ការថែទាំ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រខ្នាតតូច គមនាគមន៍គ្រប់ប្រភេទ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវលើកកម្ពស់ការអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ សោភណភាពទីក្រុង និងជនបទ ព្រមទាំងជំរុញការអភិវឌ្ឍ លើកទឹកចិត្តដល់ការវិនិយោគរបស់វិស័យឯកជន និងពង្រីកតំបន់សេដ្ឋកិច្ចពិសេសតាមដងទន្លេមេគង្គ ការធ្វើធុរកិច្ច ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថល ពោលគឺត្រូវពង្រឹង និងពង្រីកគុណភាពនៃការអប់រំចំណេះដឹងទូទៅ និងការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យបន្តអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ការលើកកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត (ការថែទាំ សុខភាពបឋម) អនាម័យជនបទ ការទទួលបានសេវាសុខាភិបាល និងការធានារ៉ាប់រងផ្នែកសុខភាពតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម។ ព្រមទាំងលើកកម្ពស់ការគ្រប់គ្រង និងថែទាំធនធានធម្មជាតិ និងការបន្សំនឹង ការប្រែប្រួលអាកាសធាតុ ហើយនឹងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការអនុវត្តគោលការណ៍អភិបាលកិច្ចល្អ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរក្សាសុវត្ថិភាពប្រជាពលរដ្ឋ ជាពិសេសត្រូវផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាព តម្លាភាព និងសមធម៕