(ភ្នំពេញ) ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា យុទ្ធសាស្រ្តផ្ការីករបស់ក្រុមប្រឆាំងគឺមានន័យថា ផ្តួលរដ្ឋាភិបាល បង្កើតសង្រ្គាម ដើម្បីដណ្តើមអំណាច ប៉ុន្តែផ្ការីកចំពោះរដ្ឋាភិបាលគឺជាការដាំគ្រាប់ផ្កានៃការអភិវឌ្ឍ ហើយដាក់ការអភិវឌ្ឍវិស័យឯកជនដើម្បីរីកលូតលាស់ ហើយនាំកន្លែងផ្សេងទៀតឱ្យមានការអភិវឌ្ឍកាន់តែច្រើន ពោលគឺប្រែក្លាយតំបន់ដែលស្ងាត់ និងពិបាកតភ្ជាប់ទៅជាកន្លែងដែលអាចតភ្ជាប់ និងជាកន្លែងដែលមានមនុស្សរស់នៅច្រើន ព្រមទាំងបម្រើដល់សេវាកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ផ្ការីកដែលប្រជាពលរដ្ឋចង់បានគឺផ្ការីកនៃសន្តិភាព ព្រោះថា ផ្លែផ្កានៃសន្តិភាពនឹងអាចឱ្យយើងមានការរីកចម្រើនប្រកបដោយសុខុដុមនីយកម្ម និងបានផលទៅដល់ប្រជាពលរដ្ឋគ្រប់រូប។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «បើកការដ្ឋានគម្រោងអភិវឌ្ឍន៍ក្រុងរណបនៅក្រុងអរិយក្សត្រ ខេត្តកណ្តាល» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤៕