(ព្រៃវែង) ៖ ក្នុងតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្តទុកដាក់ណែនាំ និងតម្រង់ទិស ជាពិសេសអ្នកស្ម័គ្រចិត្ត និងយុវជន ដែលជាប្រតិបត្តិករនៅមូលដ្ឋានផ្ទាល់នឹងជាកម្លាំងស្ម័គ្រចិត្តចូលរួមបំពេញការងារដោយក្ដីស្រឡាញ់ និងស្នាមញញឹម។ ដើម្បីអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៤ ក្រោមប្រធានបទ”រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព” នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា ឯកឧត្តម ឧកញ៉ា ប្រធានក្រុមកាកបាទក្រហម សាលាដំបូង ព្រះរាជអជ្ញាអមសាលាដំបូង រដ្ឋបាលសាលាខេត្ត សភាពាណិជ្ជកម្មប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាក្រុង-ស្រុក ទាំង១៣ មន្ត្រីប្រចាំការ អ្នកស្ម័គ្រចិត្ត មន្ត្រីទំនាក់ទំនងយុវជន លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធ និងយុវជន ស.ស.យ.ក. សរុបអ្នកចូលរួមចំនួន ២០៤នាក់ ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។
លោកនាយករងសាខាខេត្ត បានអានរបាយការណ៍រយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤ អ្នកស្ម័គ្រចិត្តសាខា ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្ត សរុបចំនួន ៦៦៤នាក់ ស្រី ១៧៤នាក់ បានចូលរួមសកម្មភាពរួមមាន៖ ផ្តល់អំណោយដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ អប់រំផ្សព្វផ្សាយអំពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ច្បាប់ចរាចរណ៍ផ្លូវគោក និងពិការភាព ការបង្ការការពារជំងឺគ្រុនឈាម-គ្រុនឈីក ការរាតត្បាតជំងឺកូវីដ-១៩(COVID-19) អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន សុខភាពមនុស្សចាស់ សុខភាពផ្លូវចិត្ត និងចិត្តសាស្ត្រសង្គម គោលការណ៍គ្រឹះរបស់ចលនា និងគោលនយោបាយយុវជន កក្រក ផ្តល់ជូនដល់កុមារកំព្រាដែលងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ទិវាជាតិសុខភាព មាតា ទារក និងកុមារ ២១ កុម្ភៈ ប្រជុំអនឡាញស្តីពីវិធានការបង្ការការចម្លងជំងឺគ្រុនឈាម-គ្រុនឈីក និងហ្សីកា និងផែនការអនុវត្តបន្ត” វិជ្ជាសង្គ្រោះបឋម ដំណាក់កាលកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ និងបរិស្ថាន និងចុះប្រគល់ផ្ទះ និងបង្គន់អនាម័យ និងមន្ត្រីទំនាក់ទំនងទីប្រឹក្សាយុវជន ១នាក់ ទីប្រឹក្សាយុវជន ១០នាក់ យុវជនកាកបាទក្រហមកម្ពុជា ចំនួន ១,៥៤៧នាក់ ស្រី ៩៥៧នាក់ មកពីវិទ្យាល័យ ចំនួន ៣៣ បានចូលរួមសកម្មភាពជាមួយសាខាខេត្ត និងអនុសាខាក្រុង-ស្រុក រួមមាន៖ ចូលរួមរំលែកទុក្ខគ្រួសារសពស្លាប់ដោយសារជំងឺ លង់ទឹកស្លាប់ និងស្លាប់ដោយសារគ្រោះថ្នាក់ឧប្បទវហេតុ អប់រំផ្សព្វផ្សាយអំពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ច្បាប់ចរាចរណ៍ផ្លូវគោក និងពិការភាព ចូលរួមពិធីអបអរសាទរបុណ្យ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ ដាំកូនឈើ សម្រួលចរាចរណ៍នៅច្រកចេញ-ចូលមុខសាលារៀនកៀរគរថវិកាជួយដល់សិស្សក្រីក្រ ចូលរួមកិច្ចប្រជុំពិនិត្យសកម្មភាពការងារអនុសាខាក្រុង-ស្រុក ទាំង១៣ និងសកម្មភាពការងារយុវជនទាំង ៣២ វិទ្យាល័យ រយៈពេល ១១ខែ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត សរុបបានចំនួន ៥១២លើក។ បច្ចុប្បន្នភាព អ្នកស្ម័គ្រចិត្ត ចំនួន ២,៤២៧នាក់ នៅភូមិចំនួន ១,១៦៨ភូមិ និងយុវជន កក្រក ចំនួន ២,៥៣៧នាក់ នៅវិទ្យា ល័យចំនួន ៣៣ ក្នុងខេត្តព្រៃវែង និងបានបណ្តុះបណ្តាលដល់យុវជន ចំនួន ៣៧វគ្គ (សាខា ៣១វគ្គ និងអនុសាខា ៦វគ្គ) បំពាក់ឯកសណ្ឋាន និងផលិតប័ណ្ណសម្គាល់ខ្លួន យុវជនកាកបាទក្រហមកម្ពុជា ចំនួន ៣៣ វិទ្យាល័យ ចំនួន ២,៥៣៧នាក់។
ក្នុងឱកាសនោះដែរលោក ប៉ាវ សុធីរ សមាជិកគណៈកម្មាធិការសាខា ទទួលបន្ទុកការងារយុវជន និងអ្នកស្ម័គ្រចិត្ត បានអានសារលិខិតទាំងស្រុងរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖
១. សូមយកចិត្តទុកដាក់ក្នុងការពង្រឹងកម្លាំងស្ម័គ្រចិត្តនៅតាមសហគមន៍មូលដ្ឋាន តាមរយៈ ការលើកទឹកចិត្ត និងបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការថ្មីនៃភាពធន់សហគមន៍។
២. សូមផ្តល់ការជួយគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗយុវជន ដែលជាអ្នកស្ម័គ្រចិត្តវ័យក្មេង ក្នុងការសិក្សារៀនសូត្រមុខជំនាញឱ្យបានច្បាស់លាស់ ក្នុងការចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិពង្រីកចំណេះដឹងដោយសិក្សាបន្ថែមនូវបច្ចេកវិទ្យាព័ត៌មានឌីជីថល និងភាសាបរទេស ឱ្យស្របតាមតម្រូវការងារទីផ្សារក្នុងប្រទេស និងសកលលោក ព្រោះ យើងទាំងអស់គ្នាត្រូវចងចាំថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។
៣. ត្រូវបន្តរួមគ្នាក្នុងការបណ្តុះឧត្តមគតិ និងស្មារតីឯកភាពជាតិ ស្រឡាញ់វប្បធម៌សន្តិភាព មានមនសិការ និងឆន្ទៈក្នុងការការពារបុព្វហេតុដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលស្របច្បាប់ និងរួមគ្នាប្រឆាំងឱ្យបានជាដាច់ខាតនូវព័ត៌មានក្លែងក្លាយបំពុលសង្គម ការបោកប្រាស់តាម ប្រព័ន្ធបច្ចេកវិទ្យា។
៤. សូមបន្តពង្រឹង និងពង្រីកនូវវប្បធម៌ចែករំលែក ពង្រឹងសកម្មភាព មិត្ត-អប់រំ-មិត្ត និង មិត្ត- ជួយ-មិត្ត ចេះជួយសិស្ស និស្សិត យុវជនកាកបាទក្រហមកម្ពុជាដែលមានជីវភាពខ្វះខាត។
៥. បន្តអនុវត្តនូវគោលនយោបាយយុវជន គោលនយោបាយអ្នកស្ម័គ្រចិត្ត និងសេចក្តីណែនាំ នានារបស់កាកបាទក្រហមកម្ពុជា ឱ្យបានប្រកបដោយប្រសិទ្ធភាព។
៦. បន្តលើកជ្រោងកម្លាំងសាមគ្គីភាពដើម្បីសន្តិភាព និងកិច្ចសហប្រតិបត្តិការជាតិ អន្តរជាតិ លើគ្រប់វិស័យ ជាពិសេសក្នុងការលើកកម្ពស់ការពង្រឹងអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ “ការពារមនុស្សជាតិ”។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខពីនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា ពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា នៃអង្គពិធី និងជាពិសេសកម្លាំងអ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទក្រហមកម្ពុជា នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលជាប្រតិបត្តិករជួរមុខរបស់កាកបាទក្រហមកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ និងសង្គម តាមរយៈកាកបាទក្រហមកម្ពុជា សូមមានសុខភាពល្អ បន្ដបំពេញការងារ ជាកម្លាំងស្នូល និងជាធនធានមនុស្ស ដ៏មានសារៈសំខាន់សម្រាប់ចូលរួមការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់កាកបាទក្រហមកម្ពុជា។ ក្នុងឱកាសទិវានេះដែរ អ្នកស្ម័គ្រចិត្តចំនួន ៥៤នាក់ តំណាងឱ្យអ្នកស្ម័គ្រចិត្ត ចំនួន ២,៤២៧នាក់ នៅភូមិចំនួន ១,១៦៨ភូមិ និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៤០នាក់ តំណាងឱ្យយុវជនកាកបាទក្រហមកម្ពុជា ចំនួន ២,៥៣៧នាក់ នៅវិទ្យាល័យ ចំនួន ៣៣ ក្នុងខេត្តព្រៃវែង។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ក៍ដូចជាសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ ឯកឧត្តម ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីក្រុមប្រតិបត្តិ មន្ទីរ អង្គភាព អនុសាខាក្រុង ស្រុក មន្ត្រីទំនាក់ទំនងយុវជន អ្នកស្ម័គ្រចិត្ត លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន និងក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ដែលបានស្ម័គ្រចិត្តឥតឈប់ឈរលះបង់ពេលវេលាដ៏មានតម្លៃ ចូលរួមចំណែកបំពេញនូវសកម្មភាពមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ស្របតាមយុទ្ធសាស្រ្ត កាកបាទក្រហមកម្ពុជា ២០២១-២០៣០“ សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល”។
ក្នុងទិវានេះដែរ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ក៍បានសម្តែង និងអប់រំផ្សព្វផ្សាយអំពីវិជ្ជាសង្គ្រោះបឋម ដល់សមាជិក សមាជិកា ក្នុងទិវា សរុបអ្នកចូលរួមចំនួន ២០៤នាក់ ស្រី ១៦០នាក់។
ក្នុងនោះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត ក៏បានផ្តល់មួកសុវត្ថិភាព ដល់អ្នកស្ម័គ្រចិត្ត និងយុវជន កក្រក ដែលបានឡើងសម្តែង និងផ្សព្វផ្សាយ។ ក្នុងនោះសាខា ក៍បានឧបត្ថម្ភថវិកាដល់អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជន ស.ស.យ.ក និងយុវជនកាយរឹទ្ធ៕