(បន្ទាយមានជ័យ) ៖ មានករណីអគ្គិភ័យកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងដែលស្ថិតនៅផ្លូវដីស ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វេលាម៉ោង១៧:២០នាទីល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ។
កម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យក្រុងប៉ោយប៉ែតបានប្រាប់ថា ៖ នៅពេលដែលអគ្គិភ័យឆាបឆេះផ្ទះ១ល្វែងក្រោយផ្សារទឹកពុះ កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែត ជាច្រើននាក់បាន និងរថយន្តពន្លត់អគ្គិភ័យ បានអន្តរាគមន៍ពន្លត់ រយៈពេលជាង១ម៉ោងទើបរលត់ទាំងស្រុង ។
កម្លាំងនគរបាលបានបញ្ជាក់ថា ៖ អគ្គិភ័យដែលឆាបឆេះផ្ទះ១ល្វែងប្រភេទដែកជញ្ជាំង និងប្រក់ស័ង្កសី ដែលមានទំហំ៤ម៉ែត្រ គុណ៨ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះអស់សម្ភារៈ និងទ្រព្យសម្បត្តិក្នុងផ្ទះទាំងស្រុង ដែលប្រើប្រាស់រថយន្ត៤គ្រឿង មានរថយន្តអធិការដ្ឋាននគរបាលក្រុង១គ្រឿង និងរថយន្តក្រុមហ៊ុនកាស៊ីណូទ្រូពីកាណា១គ្រឿង រថយន្តក្រុមហ៊ុនកាស៊ូណូដាអាម៉ិន១គ្រឿង ក្រុមសង្គ្រោះ១គ្រឿង ដែលប្រើប្រាស់ទឹកអស់៤ឡាន ។
កម្លាំងនគរបាលបានបញ្ជាក់ថា ៖ មូលហេតុដែលអគ្គិភ័យឆាបឆេះអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនីឆ្នាំងសាកទូរស័ព្ទដែលសាកទូរស័ព្ទចោល ផ្ទុះឆ្នាំងសាក បណ្តាលឱ្យឆាបឆេះពូក និងម៉ុងភួយ បង្កអោយឆាបឆេះឡើង ហើយត្រូវបានអន្តរាគមន៍ពន្លត់រយៈជិត១ម៉ោងទើបរលត់ទាំងស្រុង ៕សហការី