ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥ របសរបស់រដ្ឋបាលខេត្តកំពង់ចាម

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារ បន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។ ពិធីនោះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្ត ស្ថិតនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ និងអង្គការសង្គមស៊ីវិល ព្រមទាំងមន្ត្រីពាក់ព័ន្ធប្រមាណជិត១.០០០នាក់។

ក្នុងឱកាសនោះឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ក្នុងឆ្នាំ២០២៥នេះ រដ្ឋបាលខេត្ត​ រួមនឹងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវសង្កត់ធ្ងន់លើ សកម្មភាព និងគោលដៅអាទិភាព​ ដែលបានដាក់ចេញក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចឱ្យបានដោយជោគជ័យ​ ក្នុងការអនុវត្តកម្មវិធីនយោបាយ​ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងចក្ខុវិស័យរបស់ខេត្ត ក្នុងកំណើនសេដ្ឋកិច្ច ២៤៨២ដុល្លា ក្នុងឆ្នាំ២០២៥។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ការងារអភិវឌ្ឍន៍ក្នុងឆ្នាំ ២០២៤ មានចំនួន ២៥៤គម្រោង ដែលត្រូវបានអនុវត្តបញ្ចប់គម្រោង ១០០% ក្នុងនោះប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្ត ចំនួន​ ១៩គម្រោង​ មូលនិធិក្រុង-ស្រុក មានចំនួន ៥១គម្រោង​ និង​មូលនិធិឃុំ-សង្កាត់ មានចំនួន​ ១៨៤គម្រោង។​

ឯកឧត្តមអភិបាលខេត្ត​ ក៏បានជំរុញដល់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត​ ត្រូវខិតខំពង្រឹងការអនុវត្តតួនាទីភារកិច្ច និងកម្មវិធីនយោបាយតាមវិស័យរបស់ខ្លួនសំដៅរួមគ្នា៖ បន្តពង្រឹងការអនុវត្តសេវាសង្គមនៅរដ្ឋបាលឃុំ-សង្កាត់ អនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” បន្តអនុវត្តនូវដំណោះស្រាយដែលអង្គវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ ក្រោមជាតិ​ នៅថ្នាក់ខេត្ត បានដាក់ចេញប្រកបដោយការទទួលខុសត្រូវខ្ពស់​ ។ ព្រមទាំង​បន្តខិតខំរួមគ្នាដោះស្រាយសំណើរសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ​ផងដែរ​ ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បានជំរុញឱ្យបន្តពង្រឹងភាពជាម្ចាស់លើការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ ដោយត្រូវយកចិត្ត ទុកដាក់កុំឱ្យប្រាសចាក និងខុសពីនីតិវិធី ដើម្បីធានាបាននូវសង្គតិភាពក្នុងការអនុវត្ត គោលការណ៍បែបបទ និងនីតិវិធីនានា សំដៅលើកកម្ពស់ការគ្រប់គ្រងគម្រោងខេត្ត គម្រោងក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលប្រើប្រាស់ថវិកាមូលនិធិ ប្រកបដោយភាព រលូន តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព​ទៀតផង ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *