ព័ត៌មានជាតិ

បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រៃវែង

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រារព្ធធ្វើនៅសាលប្រជុំធំ “A” សាលាខេត្តព្រៃវែង។

ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង សូមសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រៃវែង នាពេលនេះ។

សន្និបាតនេះ គឺជាឱកាសសម្រាប់យើងទាំងអស់គ្នា បូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី ដើម្បីពិនិត្យនូវសមិទ្ធផលការងារដែលសម្រេចបានកន្លងមក ជាមួយបញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវមានវិធានការបន្តដោះស្រាយ និងដើម្បីដាក់ចេញនូវផែនការសកម្មភាព ដែលត្រូវអនុវត្តសម្រាប់ឆ្នាំថ្មី ឆ្លើយតបទៅនឹងតម្រូវការក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋានរឹងមាំ។

ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក អគ្គនាយករង នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន និងប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិតឯកឧត្តម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម​ប្រធាន​សាលាដំបូង​ និង​ព្រះរាជអាជ្ញាអមសាលាដំបូង​ខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ប្រធានផ្នែកចំណុះ កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ព្រមទាំងមន្ត្រីរាជការសាលាខេត្ត សរុបប្រមាណ ៤៦២រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *