ព័ត៌មានជាតិ

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើត នៃកងយោធាពលខេមរភូមិន្ទ (០៩ ខែវិច្ឆិកា ១៩៥៣-០៩វិច្ឆិកា ២០២៤)

(ព្រះសីហនុ) ៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត  និងឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធាពលខេមរភូមិន្ទ (ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣-ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤) នៅវេទិកាបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ យុវជនកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ យុវជន ស.ស.យ.ក យុវជនកាយរិទ្ធយុវជនអាហារូបករណ៍សម្តេចតេជោ អ.ម.ត យុវជនស្រឡាញ់សន្តិភាព។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៧១ គឺជាការរំឭកគុណូបការដ៏ធំធេងរបស់យុទ្ធជន យុទ្ធនារី និងវីរជនស្នេហាជាតិ ដែលបានរួមគ្នាជាមហាកម្លាំងសាមគ្គីជាតិដ៏ធំធេងនៅក្រោមព្រះរាជបូជនីយកិច្ចដឹកនាំទាមទារឯករាជ្យជាតិដ៏ឧត្តុងឧត្តម នៃព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានលះបង់ព្រះកាយដោយមិនខ្លាចនឿយហត់ ដើម្បីទាមទារនូវឯករាជភាពពីអាណានិគមនិយមបារាំងបានពេញបរិបូរជូនជាតិ មាតុភូមិជាទីស្នេហានៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយថ្ងៃនេះក៏ជាថ្ងៃកំណើតនៃកងយុទ្ធពលខេមរៈភូមិន្ទ ដែលគិតមកដល់ពេលនេះគម្រប់ខួប ៧១ឆ្នាំ។ យើងខ្ញុំទាំងអស់គ្នាជាកូនចៅ ចៅទួតនៅចងចាំមិនអាចបំភ្លេចបាននូវមហាព្រះគុណដ៏ធំធេងនៃព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។ ដែលបានបូជាជីវិត ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិជាទីស្នេហា។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ០៩វិច្ឆិកា គឺជាទិវាប្រវត្តិសាស្ត្រដ៏ប្រពៃថ្លៃថ្លា ឧត្តុង្គឧត្តមដែលកម្ពុជាទទួលបានឯករាជ្យ សេរីភាព អធិបតេយ្យភាពពេញលេញពីអាណានិគមនិយមបារាំង ក្រោមស្នាព្រះហស្ថ និងព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះករុណា ព្រះបាទសម្ដេចនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមនរកោដ្ឋ ដ៏អង់អាចក្លាហាន និងមហា បុរសរ័ត្នដ៏ឆ្នើមដែលបានបូជាព្រះកាយ និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យ សេរីភាព អធិបតេយ្យភាព បូរណភាពទឹកដី នៃមាតុភូមិកម្ពុជា ចេញពីអាណានិគមនិយមបារាំង។

ឯកឧត្តម អភិបាលខេត្តបន្តថា ស្នាព្រះហស្ត និងគំរូវីរភាពដ៏ឧត្តុង្គឧត្តម ព្រះបញ្ញាញ្ញាណរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ពិសេសព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លារបស់ព្រះអង្គទាំងក្នុងផ្ទៃជាតិ និងឆាកអន្តរជាតិ ធ្វើឱ្យមាតិភូមិកម្ពុជា រួចផុតពីអាណានិគមនិយមបារាំងប្រគល់ឯករាជ្យមកឱ្យកម្ពុជា។ ដើម្បីភាពសុខសាន្ត ព្រះអង្គបានបន្តនូវព្រះរាជបេសកកម្មក្នុងប្រតិបត្តិការសាមគ្គីកម្ចាត់ពួកខ្នាំងសត្រូវជាបន្តបន្ទាប់ប្រកបដោយជោគជ័យ។ ខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ក្នុងស្មារតីបង្កើនសាមគ្គីភាព ឯកភាព ជាតិដោយរួមគ្នាអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់អតីតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ធានាបាននូវស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ លើកកម្ពស់គោលនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស និងគោរពសិទ្ធិមនុស្ស បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនាក្រោមដំបូលរដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *