(ព្រះសីហនុ) ៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពី ការវាយតម្លៃលើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានាក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងឱកាសនេះ លោកអភិបាលរងបានលើកឡើងថា ចាប់ពីត្រីមាសទី៤ នៃឆ្នាំ២០២៤ ពោលគឺដើមអាណត្តិដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី យើងឃើញមានកំណើនគួរកត់សម្គាល់ពីវិនិយោគិនក្នុងស្រុក និងបរទេស ដែលជាសញ្ញាណវិជ្ជមានចំពោះបរិយាកាសវិនិយោគនៅកម្ពុជា និងខេត្តព្រះសីហនុ និយាយជារួម និងដោយឡែក។
ជាលទ្ធផល, អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន ៤២ គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១៥, គម្រោងថ្មី ចំនួន ១២, ការពង្រីកគម្រោង ចំនួន ៣, និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ១២ គម្រោង ដែលមានទុនវិនិយោគសរុប ៥៦៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារប្រមាណ ៧.៣០៨ កន្លែង មានជាអាទិ៍៖ គម្រោងភណ្ឌាគារគយមានដែនកំណត់, គម្រោងផ្ទះលំហែនៅកោះរ៉ុងសន្លឹម, គម្រោងរមនីយដ្ឋាន អេកូ កសិទេសចរណ៍, គម្រោងសួនឧស្សាហកម្ម, គម្រោងសណ្ឋាគារ, និង គម្រោងអគារពហុមុខងារ ។
ជាចុងបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន គឺរដ្ឋបាលខេត្តព្រះសីហនុ បានរួមគ្នាជាធ្លុងមួយ ក្រោមការដឹកនាំ និងដំបូលតែមួយរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងការបំពេញភារកិច្ច ដោយមានកិច្ចសហការ និង ការទទួលខុសត្រូវខ្ពស់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ពិសេសការធ្វើដំណើរឆ្ពោះទៅរកភាពជាម្ចាស់ និង ការបំពេញមុខងារជារដ្ឋបាលពិសេស ក្នុងការគ្រប់គ្រងរដ្ឋបាលតំបន់សេដ្ឋកិច្ចគំរូពហុបំណង ។