រាជធានីភ្នំពេញ ៖ មរតកគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ និងដែលត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៧ បង្កើនការយកចិត្តទុកដាក់បំផុតនោះ ត្រូវបានមន្រ្តី និងអាជ្ញាធរគ្រប់ថ្នាក់យកទៅផ្សព្វផ្សាយយ៉ាងសកម្ម។ ជាក់ស្ដែង ក្នុងរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១៥រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ មានប្រជាពលរដ្ឋជាង ២សែននាក់ បានបន្តចូលរួម ឈ្វេងយល់គោលនយោបាយនេះ ក្នុងកម្មវិធីផ្សព្វផ្សាយសរុបជាង៤ពាន់លើកទូទាំងប្រទេស។
លក្ខណៈសម្បត្តិទាំង៧ នៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព រួមមាន ១.ការផ្ដល់សេវាសាធារណៈ ២.ទប់ស្កាត់បទល្មើសក្នុងសង្គម ៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ៦.ការងារអនាម័យនិងបរិស្ថាន ៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងជំងឺរាតត្បាតកាចសាហាវ។
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងថា សកម្មភាពនៃការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តែងតែបានធ្វើឡើងយ៉ាងសកម្មនៅតាមវេទិកាសាធារណៈ សាលារៀន តាមខ្នងផ្ទះ និងទីសាធារណៈនានា ដែលធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ និងជាពិសេសឱ្យពលរដ្ឋចេះចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងដំណើរការអន្តរាគមន៍ឱ្យបានលឿន រហ័ស ប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព ជូនប្រជាពលរដ្ឋ ស្របតាមគោលការណ៍ ដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕