(កំពង់ចាម) ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែតុលា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ដ ។
ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ស្នងការក៏បានលើកយកនូវបទពិសោធន៍ និងវិធានការដោះស្រាយមួយចំនួន ដែលបានអនុវត្តកន្លងមកទទួលបាននូវលទ្ធផលល្អ គួរឱ្យកត់សម្គាល់ ។ ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ស្នងការ បានលើកយកទិសដៅអនុវត្តបន្ដដូចខាងក្រោម:
១.បន្ដពង្រឹងវិធានការបង្ក្រាបដោយគ្មានការលើកលែង ចំពោះបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ និងគ្រប់គ្រងមុខសញ្ញាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងជម្រុញឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ លើការងារបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀន
២.បន្ដពង្រឹងការបណ្ដុះបណ្ដាលផ្ទៃក្នុង ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ថ្មីៗ ដើម្បីលើកកម្ពស់សមត្ថភាពមន្រ្តីអនុវត្តច្បាប់ និងបង្កើនការយល់ដឹងលើលិខិតបទដ្ឋានគតិយុត្តិ និងនីវិតិធីច្បាប់ដែលមានជាធរមាន
៣.គ្រប់ផែនជំនាញ និងនៅតាមអធិការដ្ឋាននគរបាលស្រុក/ក្រុងទាំង១០ ត្រូវមានរបបប្រជុំឲ្យបានទៀងទាត់ ដើម្បីតាមដានត្រួតពិនិត្យនូវបញ្ហាប្រឈម ក៏ដូចជារកដំណោះស្រាយ
៤.លើកទឹកចិត្ត ដល់កងកម្លាំងដែលមានស្នាដៃ និងចៀសវាងឲ្យបាន នូវការអនុវត្តដែលផ្ទុយទៅនឹងវិន័យរបស់កងកម្លាំង
៥.បន្តវិធានការពង្រឹងការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់
៦.បន្តពន្លឿនការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ
៧.បន្ដវិធានការ បង្ការ និងទប់ស្កាត់គ្រប់បទល្មើស ឱ្យខានតែបាន ។
ដោយកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកស្នងការរង លោក/លោកស្រី លោកអនុប្រធានផែន នាយការិយាល័យជំនាញ លោកអធិការ អធិការរង ស្រុក/ក្រុងទាំង១០ និងលោកនាយប៉ុស្តិ៍ទាំង១០៩ ឃុំ/សង្កាត់ ៕